
យោងតាមការចុះផ្សាយព័ត៌មានបរទេសធំៗ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Toyota បានប្រកាសពន្យារពេលក្នុងការសាងសង់រោងចក្រអាគុយរបស់ខ្លួននៅប្រទេសជប៉ុន។
មូលហេតុនៃកការពន្យារពេលសាងសង់រោងចក្រអាគុយនៅប្រទេសកំណើតខ្លួន ដោយសារការលក់រថយន្ដអគ្គិសនីរបស់ពួកគេ មិនបានគ្រប់តាមគម្រោងដែលបានព្រៀងទុក ហើយដោយសារពួកគេ កំពុងកែសម្រួលយុទ្ធសាស្រ្តផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ ការពន្យារពេលបែបនេះ អាចប៉ះពាល់ដល់កាលបរិច្ឆេទចាប់ផ្តើមប្រតិបត្តិការដែលពួកគេបានរំពឹងទុកនៅឆ្នាំ ២០២៨ ។
ក្រុមហ៊ុន Toyota បានដាក់ចេញនូវនៃគោលដៅ ក្នុងការអភិវឌ្ឍរថយន្តអគ្គិសនីជំនាន់ក្រោយរបស់ខ្លួន ដែលមានសមត្ថភាពអាចបើកបរបានបានរហូត ១ ០០០គីឡូម៉ែត្រ។ ឥឡូវគេពួកគេកំពុងបន្ថយល្បឿនបន្តិច លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរោងចក្រអាគុុយនៅប្រទេសជប៉ុន។
តាមការគ្រោងទុករោងចក្រអាគុយនេះនឹងសាងសង់នៅខេត្ត Fukuoka របស់ប្រទេសជប៉ុន យោងតាមបញ្ជាក់របស់លោក Seitaro Hattori ដែលជាអភិបាលខេត្ត។
យោងតាមរបាយការណ៍របស់ Nikkei Asia ក្រុមហ៊ុន Toyota នៅតែប្តេជ្ញាចិត្តសាងសង់ទីតាំងនេះ ប៉ុន្តែក្រុមហ៊ុនកំពុងវាយតម្លៃឡើងវិញនូវអ្វីដែលនឹងត្រូវបានផលិតនៅទីនោះ។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការកែសម្រួលយ៉ាងធំ នៃមហិច្ឆតាលើទីផ្សាររថយន្តអគ្គិសនីរបស់ Toyota។ ខណៈពេលដែលការលក់រថយន្តអគ្គិសនីសកលនៅតែបន្តកើនឡើង ប៉ុន្តែក្រុមហ៊ុន Toyota មិនបង្កើនល្បឿនលឿនដូចដែលក្រុមហ៊ុនផលិតរថយន្តមួយចំនួនបានព្យាករណ៍នោះទេ។ ការមិនស៊ីគ្នារវាងការព្យាករណ៍ និងការពិតនេះកំពុងជំរុញឲ្យក្រុមហ៊ុនគិតឡើងវិញនូវគោលដៅរបស់ខ្លួន។
កាលពីឆ្នាំ ២០២២ ក្រុមហ៊ុន Toyota បានប្រកាសថាខ្លួនមានគោលបំណងលក់រថយន្តអគ្គិសនីឲ្យបានចំនួន ១,៥ លានគ្រឿងក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ ២០២៦។ ចំនួននៃការលក់នេះត្រូវបានកាត់បន្ថយមកត្រឹម ១ លានគ្រឿងនៅឆ្នាំ ២០២៣ ហើយថ្មីៗនេះត្រូវបានកាត់បន្ថយម្តងទៀតមកត្រឹម ៨០០ ០០០ គ្រឿងប៉ុណ្ណោះ។ ក្រុមហ៊ុនជប៉ុនមួយនេះ ក៏មិនបានបោះបង់ការផលិតរថយន្តអគ្គិសនីនោះទេ គ្រាន់តែកំពុងកែសម្រួលខ្លះ ដោយសារការរំពឹងទុកនៃការលក់ក្នុងទីផ្សារ មានភាពស្មុគស្មាញជាងមុន និងមិនអាចព្យាករណ៍បានដូចការលើកឡើងដំបូងឡើយ។
កាលពីដើមខែនេះ ក្រុមហ៊ុន Toyota បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចិនថ្មីមួយសម្រាប់ក្រុមហ៊ុន Lexus ដែលនឹងអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនី និងអាគុយនៅរោងចក្រមួយក្នុងប្រទេសចិន។ រោងចក្រនេះនឹងមានទីតាំងនៅទីក្រុងសៀងហៃ ហើយនឹងផលិតម៉ូដែលជាច្រើន ប៉ុន្តែសម្រាប់ទីផ្សារចិនតែប៉ុណ្ណោះ៕