[ទីផ្សារបរទេស] រថយន្ត Toyota Veloz Cross ស៊េរូីឆ្នាំ ២០២២ ទើបតែចេញលក់ក្នុងប្រទេសវៀតណាមមិនដល់ ២ ខែប៉ុណ្ណោះ ខណៈពេលនេះ Toyota Veloz Cross មានវត្តមាននៅក្នុងទីផ្សាររថយន្តមួយទឹកទៅហើយ។ ហាងលក់រថយន្តមួយទឹកមួយនៅទីក្រុងហាណូយ ដាក់លក់រថយន្ត Veloz Cross ស៊េរីខ្ពស់ក្នុងតម្លៃ ៣២ ៥៨៦ ដុល្លារ ដែលថ្លៃជាងការទិញថ្មី ២ ៤៩៣ ដុល្លារ បើតាមអ្នកតំណាងហាងបានឲ្យដឹងថា ស្ថានភាពរថយន្តនៅថ្មីដោយរថយន្តប្រើបានចម្ងាយមិនដល់ ៥០ គីឡូម៉ែត្រនោះទេ។
សម្រាប់រថយន្ត Toyota Veloz Cross ស៊េរីខ្ពស់មានភាពខុសប្លែកគ្នាខ្លាំងជាមួយនឹងប្រភេទស្តង់ដារ ព្រោះរថយន្តមានប្រព័ន្ធសុវត្ថិភាពទំនើបៗ ដូចជា blind spot warning, rear cross-traffic warning, emergency brake force support, electric brake force distribution, កាំមេរ៉ា ៣៦០ ដឺក្រេ និងសេនស័រជំនួយការចតរថយន្តជាដើម។
ទន្ទឹមនឹងនេះ Toyota Veloz Cross ស៊េរីខ្ពស់ក៏មានគ្រឿងបរិក្ខារមួយចំនួនដូចជា កន្លែងសាកថ្មឥតខ្សែ ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ហ្វ្រាំងដៃអេឡិចត្រូនិក។ ជាមួយគ្នានេះ ការជ្រើសរើសរថយន្តដែលប្រើរូច (surfing model) អតិថិជនមិនចាំបាច់រង់ចាំយូរដូចពេលទិញរថយន្តថ្មីនោះទេ។
ក្នុងនោះ យោងតាមបុគ្គលិកលក់រថយន្ត Toyota នៅទីក្រុងហាណូយ បាននិយាយថា រថយន្ត Veloz Cross ទើបតែដាក់លក់ ប៉ុន្តែចំនួនអតិថិជនបានកក់មានច្រើនណាស់ ពេលវេលាចែកចាយរថយន្តគឺប្រហែលខែកក្កដា សីហា ដូច្នេះអ្នកទិញនឹងត្រូវរង់ចាំ។ ការទិញរថយន្តប្រើរួច ” surfing” នឹងក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ទោះបីជាតម្លៃខ្ពស់ជាងរថយន្តថ្មីក៏ដោយ៕