
បន្ទាប់ពីបង្ហាញចេញលក្ខណៈពិសេសជាច្រើនមិនថាទាំងរូបរាង ក៏ដូចជា Option នោះឡើយ គឺថាល្អឥតខ្ចោះតែម្តង ប៉ុន្តែបើគិតពីកម្រិតសុវត្ថិភាពវិញ ក៏មានភាពរឹងមុាំមិនធម្មតាផងដែរ ពោលគឺរថយន្ត Mazda EZ-60 ត្រូវបានប្រកាសថា បានជាប់ជារថយន្តកំពូលប្រចាំឆ្នាំទាំង ១០ របស់ប្រទេសចិនដែលត្រូវបានរចនាឡើងយ៉ាងល្អបំផុតក្នុងឆ្នាំ ២០២៥ ទាំងគុណភាព និងសម្ភារៈ។ ក្នុងនោះ រថយន្តនេះ គឺបានទទួលបាននូវពានរង្វាន់ China Top 10 Car Body awards និង Best Material Award ។
បើនិយាយពីការរចនាតួខ្លួនរបស់រថយន្តនេះវិញ គឺត្រូវបានផលិតឡើងដោយប្រើប្រាស់នូវសមាសធាតុសំខាន់ៗជាច្រើន រួមមានដែក high-strength steel ចំនួន ៨៦,៥% និងដែកថែប 2,000 MPa (hot-formed steel) ចំនួន ២៧,៤៥% ។ លើសពីនេះ ក៏ទទួលបាននូវពោងសុវត្ថិភាពចំនួន ៤ចំណុច និងប្រព័ន្ធការពារថ្មដែលអាចធន់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការច្រេះផងដែរ។
ជាមួយគ្នានេះ រថយន្តនេះទៀតសោត ក៏បានឆ្លងកាត់នូវការសាកល្បងជាច្រើនមុនពេលប្រកាសដាក់លក់ជាផ្លូវនៅចុងខែកញ្ញានេះ រួមទាំងការបុកប៉ះផ្នែកខាងមុខ, ការធ្លាក់ពីកម្ពស់ ៣៥ម៉ែត្រ និងការត្រាំក្នុងទឹករយៈពេល ៣០នាទី ដើម្បីធានានូវសុវត្ថិភាពជូនដល់អតិថិជនផងដែរ៕