មិនទាន់ចេញលក់ផង ឡាន Genesis GV80 ឃើញសញ្ញាជោគជ័យបាត់

រថយន្ត Genesis GV80 ឆ្នាំ ២០២១ បាន​បង្ហាញ​ខ្លួន​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ខែ​មករា​កន្លង​ទៅ ហើយ​វា​ចាប់​ផ្ដើម​ឲ្យ​ជា​សញ្ញា​ជោគជ័យ​មុន​ការ​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​អំឡុង​ចុង​ឆ្នាំ ២០២០ នេះ។

លោក Mark Del Rosso នាយក​ប្រតិបត្តិ​ Genesis បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​របស់​ខ្លួន​បាន​ទទួល​ការ​កក់​ទុក​នូវ​រថយន្ត​ GV80 បាន​ជិត ១​ម៉ឺន​គ្រឿង​មក​ហើយ ជា​ចំនួន​លក់​ដ៏​ច្រើន​មួយ​សម្រាប់​ម៉ាក​រថយន្ត​ប្រណីត​របស់​កូរ៉េ​ខាង​ត្បូង​នេះ។ លោក​បាន​បញ្ជាក់​​យ៉ាង​ច្បាស់​ដែរ​ថា​ ការ​ចេញ​លក់​រថយន្ត​នេះ​នឹង​មិន​​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​កូវីដ​១៩​នោះ​ឡើយ គឺ​នឹង​ចេញ​លក់​តាម​ពេល​កំណត់ រួម​ជា​មួយ​ម៉ូដែល Genesis G80 ឆ្នាំ ២០២១ ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់​ម៉ូដែល Genesis G80 វិញ​ លោក​ Mark បាន​ឲ្យ​ដឹង​ថា​វា​អាច​ទទួល​បាន​ការ​កក់​ប្រហែល ១៥០០ គ្រឿង ក្រោយ​ពី​បាន​បង្ហាញ​មុខ​កាល​ពី​ចុង​ខែ​មីនា​រួច​មក។

និយាយ​អំពី​រថយន្ត SUV GV80 វិញ​ វា​មិន​ត្រឹម​តែ​មាន​រូបរាង​លេច​ធ្លោ​​ ស្អាត​ទាំង​ក្នុង​ទាំង​ក្រៅ​នោះ​ទេ ប៉ុន្តែ​តម្លៃ​ក៏​ធូរ​ជាង​គូ​ប្រជែង​ខ្លាំង​ដែរ មាន​ដូច​ជា​ BMW X5, Cadillac XT6 និង Lincoln Aviator ដែល​បី​ម៉ូដែល​នេះ​មាន​តម្លៃ​ចាប់​ពី ៥ម៉ឺន​ដុល្លារ​ឡើង ខណៈ​ដែល GV80 មាន​តម្លៃ​ចាប់​ពី ៤៨ ៩០០ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម