សុពលភាពវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬ ឆៀក គឺមានរយៈពេល ៤ឆ្នាំ ២ឆ្នាំ ឬ១ឆ្នាំ ទៅតាមប្រភេទរថយន្តនីមួយៗខុសៗគ្នា។ យ៉ាងណាមិញ ឆៀកក៏នឹងអស់សុពលភាពមុនថ្ងៃផុតកំណត់ផងដែរ ប្រសិនបើមានករណីដូចខាងក្រោមនេះ៖
១. យានទទួលបានវិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះថ្មី។
២. មានការជូនដំណឹងមកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកអំពីការបាត់ ពីម្ចាស់យាន ឬតំណាង។
៣. យានមានគ្រោះថ្នាក់ចរាចរណ៍ដល់កម្រិតមិនធានាសុវត្ថិភាពបច្ចេកទេស
៤. លក្ខណៈបច្ចេកទេសពិសេសរបស់យានជាក់ស្តែង ខុសពីលក្ខណៈបច្ចេកទេសពិសេស នៅក្នុងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។
នេះបើយោងតាមប្រកាសលេខ ១៧០ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ ចុះកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរថយន្ត និងឆៀករបស់អ្នក មិនជួបប្រទះដូចក្នុងករណីខាងលើនេះទេ ក៏នៅតែត្រូវយករថយន្តមកឆៀកតាមកាលកំណត់ជាធម្មតា ដើម្បីចៀសវាងការផាកពិន័យ ពោលគឺបើលើស ៣០ថ្ងៃ គឺពិន័យ ៥០០រៀល ក្នុង១ថ្ងៃ សម្រាប់រថយន្តធុនតូច និង ២០០០រៀលក្នុង១ថ្ងៃ សម្រាប់រថយន្តធុនធំ៕
















