ការលក់រថយន្ត Toyota Mirai ស៊េរីឆ្នាំ ២០២១ ទើបចាប់ផ្ដើមកាលពីប៉ុន្មានខែមុនប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ហើយពេលនេះ Toyota បានធ្វើការផ្ដល់ជូនពិសេសសម្រាប់ការទិញរថយន្តអ៊ីដ្រូហ្សែននេះដោយមានផ្ដល់ជូនប្រាក់លើកទឹកចិត្ត ២ម៉ឺនដុល្លារ។
តម្លៃរបស់ Toyota Mirai នៅសហរដ្ឋអាមេរិកគឺមានចាប់ពី ៤៩ ៥០០ដុល្លារ ហើយរថយន្តគ្រប់ប្រភេទនៃរថយន្តនេះគឺមានការផ្ដល់ជូនប្រាក់លើកទឹកចិត្តពិសេស ២ម៉ឺនដុល្លារ នៅពេលដែលអតិថិជនទិញរថយន្តតាមរយៈសេវាកម្មហិរញ្ញវត្ថុរបស់ Toyota។
មិនតែប៉ុណ្ណោះ Toyota ថែមទាំងបង្កើនរយៈពេលនៃការបង់រំលស់ឥតការប្រាក់ជាមួយរថយន្ត Mirai រហូតដល់ ៧២ខែ ដែលពីមុនមកគឺមានរយៈពេល ៦០ខែ។ ដូចនេះការបង់រំលស់រថយន្ត Mirai អាចថយចុះមកនៅត្រឹម ៦៩៤ដុល្លារក្នុងមួយខែ ដោយមិនទាន់គិតបញ្ចូលប្រាក់លើកទឹកចិត្ត ២ម៉ឺនដុល្លារ។
ដោយឡែកសម្រាប់នៅរដ្ឋ California គឺមានកម្មវិធីពិសេសមួយឈ្មោះថា California Vehicle Rebate ដែលមានប្រាក់លើកទឹកចិត្ត ៤ ៥០០ដុល្លារ សម្រាប់អ្នកទិញរថយន្តដែលមិនប៉ះពាល់បរិស្ថាន។ ដូចនេះតម្លៃរថយន្ត Mirai ឆ្នាំ ២០២១ នៅរដ្ឋ California នឹងនៅសល់ត្រឹម ២៥ ៩៩៥ដុល្លារប៉ុណ្ណោះ៕