មិនទាន់អីផង CEO របស់ក្រុមហ៊ុនឡានវៀតណាម ប្រកាសសុំលាលែងបាត់!

ក្រុមហ៊ុនរថយន្តវៀតណាម VinFast គ្រោងនឹងប្រកាសចេញរថយន្តអគ្គិសនីចំនួនបីម៉ូដែលនៅក្នុងកម្មវិធី CES ឆ្នាំក្រោយនេះ ដោយមិនមានវត្តមានរបស់លោក Michael Lohscheller ព្រោះថាលោកបានសម្រេចលាលែងពីតំណែងក្រោមហេតុផលផ្ទាល់ខ្លួន។

ដំណឹងនេះជាដំណឹងគួរឲ្យភ្ញាក់ផ្អើលដែរ ព្រោះថាលោក Michael Lohscheller បានចាត់តាំងជានាយកប្រតិបត្តិក្រុមហ៊ុនកាលពីខែកក្កដា ជាមួយគោលដៅផ្លាស់ប្ដូរក្រុមហ៊ុន VinFast ទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីលំដាប់សកលលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តំណែងរបស់លោក Michael Lohscheller នឹងត្រូវចូលមកជំនួសដោយអនុប្រធាន VinFast ឈ្មោះ Le Thi Thu Thuy ដែលលោកស្រីក៏នឹងបន្តកាន់កាប់តំណែងចាស់ក្នុងពេលតែមួយផងដែរ។ VinFast និយាយថាអនុប្រធានរូបនេះនឹងទទួលខុសត្រូវលើអាជីវកម្មរបស់ VinFast ដែលមានលើទីផ្សារបច្ចុប្បន្ន រួមទាំងការដាក់ចេញផែនការពង្រីកទៅកាន់ទីផ្សារដទៃផងដែរ។

គេមិនច្បាស់ថាការផ្លាស់ប្ដូរនេះ នឹងនាំឲ្យមានការផ្លាស់ប្ដូរផែនការរបស់ក្រុមហ៊ុនឬយ៉ាងណានោះទេ ប៉ុន្តែ VinFast គ្រោងប្រកាសចេញរថយន្តអគ្គិសនីប្រភេទ A, B និង C នាខែក្រោយនេះ ខណៈដែលដំណឹងខ្លះៗអំពីរថយន្តថ្មីទាំងបីនៅមិនទាន់ដឹងនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម