មិនធម្មតាទេ! ឡាន SUV អគ្គិសនី Cadillac Lyriq AWD ឆ្នាំ២០២៣ នឹងមានកម្លាំងប្រហែល ៥០០សេះ

ថ្មីៗនេះ ក្រុមហ៊ុន Cadillac បានប្រកាសចេញនូវលក្ខណៈសម្បត្តិពិសេស នៃរថយន្តអគ្គិសនី Cadillac Lyriq AWD ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានសួរនៅក្នុងកម្មវិធី Ask Me Anything លើបណ្តាញសង្គម Instagram។

ក្នុងនោះ រថយន្ត Cadillac Lyriq AWD ឆ្នាំ២០២៣ ដែលប្រើប្រាស់ប៉ុងពីរ អាចអូសសណ្តោងបានទម្ងន់ ១ ៥៨៨គីឡូក្រាម ហើយនឹងមានកម្លាំងសរុបប្រហែល ៥០០សេះឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈតួលេខនេះបង្ហាញឲ្យឃើញថា Lyriq AWD ខ្លាំងជាងម៉ូដែលប្រើប៉ុងមួយ RWD ដែលមានកម្លាំងត្រឹមតែ ៣៤០សេះ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ វាថែមទាំងខ្លាំងជាង Audi e-tron ប៉ុងពីរ កម្លាំង ៤០២សេះ និង Jaguar I-Pace EV400 ប៉ុងពីរ កម្លាំង ៣៩៤សេះ ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងឡើយថា Lyriq AWD មានតម្លៃប៉ុន្មាន ហើយអាចបើកបរបានចម្ងាយឆ្ងាយប៉ុណ្ណា។ ដោយឡែកចំពោះម៉ូដែល Lyriq RWD ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៥៩ ៩៩០ដុល្លារ ហើយមានបំពាក់កញ្ចប់អាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៣១២ម៉ាយ៍ ឬ ៥០២គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម