ក្រុមហ៊ុន Toyota បានប្រកាសពីលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១ (FY2021) របស់ខ្លួន ដែលគិតចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១។ ក្នុងអំឡុងពេលនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ អាចលក់រថយន្តបានចំនួន ៩,០៨៧ លានគ្រឿងនៅទូទាំងម៉ាក Toyota និង Lexus របស់ខ្លួន។
បើប្រៀបធៀបទៅនឹងឆ្នាំហិរញ្ញវត្ថុមុនរបស់ខ្លួន (FY2020) ក្រុមហ៊ុននេះលក់រថយន្តបាន ចំនួន ៩,៤៦៦ លានគ្រឿង ទាំងម៉ាក Toyota និង Lexus ដែលជាការធ្លាក់ចុះ ៤ ភាគរយ។
ទោះជាយ៉ាងណា លទ្ធផលនេះគឺលើសពីចំនួន ៨លានគ្រឿងដែលក្រុមហ៊ុនបានរំពឹងទុក កាលពីខែឧសភាឆ្នាំមុន ក្នុងស្ថានភាពអាសន្នដំបូងរបស់ជប៉ុន ដែលកំពុងឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
យោងទៅតាមក្រុមហ៊ុន Toyota បានឲ្យដឹងថា ២៣,៧% នៃចំនួន ៩,០៨៧ លានគ្រឿងនោះ ឬ ២,១៥៥ លានគ្រឿង គឺជារថយន្តកូនកាត់អគ្គីសនី ដោយក្នុងនោះមាន ២,០៨៧ លានគ្រឿងជា Hybrid, ជាង ៥៩ ០០០គ្រឿងជា Plug-in Hybrid, រថយន្តអគ្គិសនីសុទ្ធ ជាង ៦ ០០០ គ្រឿង និង រថយន្តអ៊ីដ្រូហ្សែន ជាង ៣ ០០០ គ្រឿង៕