មិនមែន១ ឬ ២! Toyota និង Lexus បង្ហាញចេញគំរូរថយន្តអគ្គិសនីម្តងចំនួន ១៥គ្រឿង

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានស្តីពីយុទ្ធសាស្ត្រថាមពលអគ្គិសនី លោក Akio Toyoda បានធ្វើឱ្យពិភពរថយន្តភ្ញាក់ផ្អើលដោយបង្ហាញគំរូរថយន្តអគ្គិសនីចំនួន ១៥ ម៉ូឌែល សម្រាប់ពេលអនាគតរបស់ Toyota និង Lexus ។  

ដែលវាគឺជាការបង្ហាញចេញនូវគំរូរថយន្តដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​រួមបញ្ជូល​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​អាច​ស្រមៃ​ ដោយគិត​ចាប់​តាំង​ពី​រថយន្ត​​ប្រភេទ City Car, Sedan, SUV គ្រប់​រាង និង​ទំហំ​រហូត​ដល់​រថយន្ត​ភីកអាប់ និង​រថយន្ត​ស្ព័រ។ ដោយម៉ូឌែលខ្លះផលិតឡើងផ្អែកលើម៉ូដែលដែលមានស្រាប់ ប៉ុន្តែក៏មានយានយន្តថ្មីៗជាច្រើនផងដែរ ដោយផ្អែកលើស្ថាប័ត្យកម្មថ្មី e-TNGA ប្រភេទអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Akio Toyoda បានចាត់ថ្នាក់រថយន្តជា ២ប្រភេទគឺប្រភេទកាត់បន្ថយកាបូន(CRV) រួមមាន HEV និងPHEV និងប្រភេទកាបូនអាព្យាក្រឹត ឬអគ្គិសនីសុទ្ធ(CNV) រួមមាន BEV, FCEV។

ការបង្ហាញបានចាប់ផ្តើមជាមួយនឹងត្រកូល bZ (Beyond Zero) នៃម៉ូដែលផលិតកម្មដ៏ធំ ដែលមានតម្លៃសមរម្យ” ដែលរួមមាន bZ4X និងគំរូថ្មីចំនួន៤ ដែលទាំងអស់ផ្អែកលើស្ថាបត្យកម្ម e-TNGA ។ ក្នុងចំណោមរថយន្តទាំងនោះ មានប្រភេទ Crossover បែបស្ព័រ ជាមួយនឹងដំបូលរចនាប័ទ្ម coupe (bZ compact SUV) រួមទាំងប្រភេទ B-SUV (bZ Small Crossover) ផលិតឡើហសម្រាប់ទីផ្សារអឺរ៉ុប និងជប៉ុន ជាមួយនឹងគោលដៅនៃការប្រើប្រាស់ថាមពល ១២៥ Wh/km ។ រថយន្តប្រភេទ Sedan ទំហំមធ្យម (bZ sdn) មើលទៅដូចគូប្រជែង Tesla Model 3 និងរថយន្ត SUV កៅអី ៣ជួរធំ ដែលផ្តោតលើគ្រួសារ (bZ Large SUV)។

ត្រកូលសម្រាប់ម៉ាក Lexus រួមមានរថយន្តអគ្គិសនីដំបូងគេហៅថា RZ ដែលជាកំណែផលិតនៃគំរូរថយន្ត LF-Z ជាមួយនឹងចម្ងាយបើកបរដែលរំពឹងទុកជាង ៧០០គីឡូម៉ែត្រ (៤៣៥ ម៉ាយ) ទទួលបានពីអាគុយ Solid State Batteries។

លើសពីនេះ យើងបានឃើញគំរូរថយន្តប្រភេទ SUV ខ្នាតធំ (Lexus Electrified SUV) និងរថយន្តស្ព័រ ដែលមិនបង្ហាញឈ្មោះ។ រួមទាំងគំរូរថយន្តប្រភេទ hatchback រួមជាមួយនឹង cabriolet 2+2 ដែលមានរចនាប័ទ្មស្រដៀងគ្នា។

ជាចុងក្រោយ Akio Toyoda បានបង្ហាញចេញនូវស៊េរីម៉ូដែលមួយចំនួនផ្សេងទៀតដែលហៅពួកគេថា “The Diverse Toyota EVs “។ ទាំងនេះរាប់បញ្ចូលទាំងរថយន្តCommercial ដូចជាឡានក្រុងស្វ័យប្រវត្តិ រថយន្តខ្នាតតូចដែលត្រូវបានរចនាឡើងសម្រាប់ទាំងអាជីវកម្ម និងការកម្សាន្ត និងរថយន្តអគ្គិសនីដែលអាចប្រើប្រាស់បានក្នុងទីក្រុង។

រថយន្ត Compact Cruiser EV រួមបញ្ចូលលក្ខណៈពិសេសរចនាប័ទ្មពី FJ Cruiser ដែលអាចក្លាយជារថយន្តអគ្គិសនីទ្វារប្រាំ ដែលផ្តោតលើផ្លូវOff-road ។ ព្រមទាំងមានរថយន្តភីកអាប់អគ្គិសនីពីរគ្រឿងដំបូងបង្អស់របស់ក្រុមហ៊ុនតូយ៉ូតា ដែលមើលទៅស្រដៀងទៅនឹងរថយន្ត Hilux ឬ Tacoma ទាក់ទងនឹងវិមាត្រ ប៉ុន្តែទទួលបានលក្ខណៈពិសេសរចនាទំនើបដែលត្រូវបានបំផុសគំនិតដោយរថយន្ត Tundra។ ព្រមទាំងម៉ូឌែល SU EV ដែលមើលទៅមានរូបរាងដូច CH-R អគ្គិសនី ខណៈ Crossover EV មានការឌីស្សាញជាលក្ខណៈ C-SUV Segment។ បន្ថែមជាមួយរថយន្តប្រភេទស្ព័រ ២កៅអី ដែលអាចជាម៉ូឌែល MR2 នាពេលអនាគត។

រថយន្តទាំងអស់នេះគឺជាផ្នែកមួយនៃគោលដៅរបស់ក្រុមហ៊ុន Toyota និង Lexus ដើម្បីណែនាំរថយន្ត BEV(Battery Electric Vehicle) សរុបចំនួន ៣០ នៅលើទីផ្សារនៅត្រឹមឆ្នាំ ២០៣០ ជាមួយនឹងគោលដៅនៃការលក់ទូទាំងពិភពលោកអោយបានចំនួន ៣,៥ លានគ្រឿង នៅត្រឹមឆ្នាំ ២០៣៥។ ក្រុមហ៊ុនLexus នឹងក្លាយជាម៉ាកយីហោអគ្គិសនីសុទ្ធនៅអឺរ៉ុប អាមេរិក និងចិន ដោយកំណត់គោលដៅលក់រថយន្តអគ្គិសនីប្រចាំឆ្នាំ ១ លានគ្រឿង។

សូមបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនបានសន្យាថានឹងវិនិយោគទឹកប្រាក់ដ៏ច្រើនចំនួន ១៧.៦ ពាន់លានដុល្លារ សម្រាប់ការផលិតថាមពលថ្ម ឬអាគុយនៅត្រឹមឆ្នាំ ២០៣០ ដែលជាចំនួនមួយច្រើនជាងការប្រកាសមុនៗ ចំនួន ៤,៤ ពាន់លានដុល្លារ។

បន្ថែមពីនេះក្រុមហ៊ុន Toyota ក៏នឹវិនិយោគ លើជម្រើសផ្សេងៗសម្រាប់ម៉ូដែលប្រភេទកាបូនអាព្យាក្រឹត ឬអគ្គិសនីសុទ្ធ ដែលរួមបញ្ជូន FCEVs និងប្រភេទរថយន្តផ្សេងទៀតដែលដំណើរការក្នុងការជួយបរិស្ថាន។ នៅឆ្នាំ ២០៣៥ ទាំង Toyota និង Lexus ចង់ក្លាយខ្លួនជាក្រុមហ៊ុនប្រភេទកាបូនអព្យាក្រឹតដើម្បីសម្រេចបាននូវគោលដៅទាំងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម