
ចាប់តាំងពីមានផ្លូវល្បឿនលឿនមក យើងសង្កេតឃើញមានករណីឆេះរថយន្តជាបន្តបន្ទាប់ ដោយមកទល់ពេលនេះ មិនទាន់មានលទ្ធផលស៊ើបអង្កេតច្បាស់លាស់អំពីមូលហេតុអគ្គិភ័យនេះឡើយ។ យ៉ាងណាមិញ បើយើងនិយាយពីកត្តាទូទៅវិញ ការឆេះរថយន្តគឺសុទ្ធតែមានមូលហេតុរបស់វា ដែលពាក់ព័ន្ធនឹងប្រព័ន្ធភ្លើង ម៉ាស៊ីន និងសាំងជាដើម រួមមានដូចខាងក្រោមនេះ៖

១. លេចសាំង៖ នេះជាករណីគ្រោះថ្នាក់បំផុតមួយដែលគេរកឃើញជាញឹកញាប់ ដោយនៅពេលសាំងបានលេចចេញពីធុងសាំង ឬទុយោចំណុចមួយ ហើយសាំងបានប៉ះជាមួយនឹងផ្នែកណាមួយនៃម៉ាស៊ីន ឬសំបុកឃ្មុំដែលកំពុងមានកម្តៅដ៏ខ្លាំង គឺអាចបង្កជាអគ្គិភ័យបាន។
២. ប្រព័ន្ធភ្លើង៖ នេះក៏ជាករណីដែលតែងកើតឡើងផងដែរ ដែលអាចមានការឆ្លងភ្លើង ឬខូចខ្សែភ្លើងណាមួយ ព្រមទាំងការបំពាក់គ្រឿង accessories ដែលមានការដោត ឬតខ្សែភ្លើងខុសបច្ចេកទេស ក៏អាចបង្កឲ្យអណ្តាតភ្លើងផងដែរ។
៣. ម៉ាស៊ីនឡើងកម្តៅខ្លាំង៖ នៅពេលប្រព័ន្ធបញ្ចុះកម្តៅ ឬប្រព័ន្ធទឹក មានបញ្ហាអ្វីមួយដែលបណ្តាលឲ្យកម្តៅម៉ាស៊ីនឡើងខ្ពស់ ហើយមានការលេចជ្រាបប្រេងម៉ាស៊ីនទៀតនោះ វាអាចនឹងប៉ះដល់គ្រឿងបង្គុំដែលក្តៅ អាចបង្កឲ្យមានភ្លើងឆេះបាន។
៤. បញ្ហាអាគុយ៖ សម្រាប់រថយន្ត Hybrid ឬ អគ្គិសនីសុទ្ធ ប្រសិនបើមានករណីការឡើងកម្តៅអាគុយខ្ពស់ខ្លាំង ក៏អាចបណ្តាលឲ្យផ្ទុះឆេះផងដែរ។
៥. សំបុកឃ្មុំ៖ ប្រសិនបើកបរក្នុងល្បឿនលឿនខ្លាំង ប្រព័ន្ធបញ្ចេញផ្សែងក្នុងនោះសំបុកឃ្មុំ ក៏នឹងកើនឡើងសីតុណ្ហភាពខ្ពស់ ពោលគឺសឹងតែដូចរងើកភ្លើងមួយទៅហើយ ប្រសិនបើមានសាំង ឬប្រេងដែលខ្ទាតចូលចំសំបុកឃ្មុំនេះ គឺនឹងឆេះតែម្តង។
៦. សម្រាប់រថយន្តដែលចតចោលក្រោមកម្តៅថ្ងៃ ក៏អាចមានហានិភ័យផ្ទុះឆេះផងដែរ តាមរយៈពន្លឺថ្ងៃដែលចាំងចូលក្នុងកាប៊ីនរថយន្ត ប៉ះជាមួយដបទឹក ក្រដាស ឬវត្ថុផ្សេងៗដែលងាយឆេះ។

ដូច្នេះ នៅក្នុងពេលកំពុងបើកបររថយន្ត លោកអ្នកត្រូវចាប់អារម្មណ៍លើសញ្ញាព្រមាននៃការឆាបឆេះរថយន្ត ដូចជា ការកើនឡើងកម្តៅម៉ាស៊ីនដ៏ឆាប់រហ័ស ផ្សែងហ៊ុយចេញពីប្លុកម៉ាស៊ីន ឬកង់ ធុំក្លិនឆ្ងៀមសាំង កៅស៊ូ ឬប្លាស្ទីក ក៏ដូចជាសញ្ញាព្រមាននានាក្នុងកុងទ័ររថយន្ត។ ប្រសិនបើប្រទះឃើញសញ្ញាព្រមានទាំងអស់នេះ ត្រូវបញ្ឈប់រថយន្តភ្លាមៗតាមដែលអាចធ្វើបាន ដើម្បីកាត់ផ្តាច់លំហូរសាំង និងជម្លៀសអ្នកនៅក្នុងរថយន្តចេញក្រៅឲ្យឆ្ងាយ ដើម្បីគិតគូពីសុវត្ថិភាពជាចម្បង៕
















