[បរទេស] Canoo ដែលជាក្រុមហ៊ុន Start-up ផលិតរថយន្តអគ្គិសនីសុទ្ធរបស់សហរដ្ឋអាមេរិក កំពុងមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ជាមួយនឹងបំណុលជាង ១០០លានដុល្លារ ដោយបានប្រកាសក្ស័យធន និងបញ្ឈប់ប្រតិបត្តិការភ្លាមៗ ។
គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តនេះ មិនមានប្រាក់ចំណូលសោះក្នុងឆ្នាំ ២០២២ ហើយនៅក្នុងឆ្នាំ ២០២៣ ទទួលបានប្រាក់ចំនូលត្រឹមតែប្រហែល ៩០០ ០០០ ដុល្លារប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Canoo បានខាតបង់ច្រើនជាង ៩០០ លានដុល្លារនៅចន្លោះឆ្នាំ ២០២២ ដល់ពាក់កណ្តាលឆ្នាំ ២០២៤ ។
នៅក្នុងឯកសារក្ស័យធនរបស់ក្រុមហ៊ុន Canoo បានបង្ហាញថាខ្លួនជំពាក់បំណុលដល់ទៅ ៤៩ ម្ចាស់បំណុលដែលមានបំណុលចាប់ពី ១០ លានដុល្លារដល់ ៥០ លានដុល្លារ ខណៈពេលដែលក្រុមហ៊ុន អះអាងថាមានទ្រព្យសម្បត្តិតិចជាង ៥០ ០០០ ដុល្លារប៉ុណ្ណោះ ។
មិនត្រឹមតែប៉ុណ្ណោះ ប៉ុន្មានសប្តាហ៍មុនការដាក់ពាក្យសុំក្ស័យធន ក្រុមហ៊ុនបានបញ្ឈប់កម្មករ និងបិទប្រតិបត្តិការនៅរោងចក្រ Oklahoma របស់ខ្លួន ដែលមិនអាចផលិតសូម្បីរថយន្តមួយគ្រឿង ៕