ប្រទេសម៉ាឡេស៊ីមិនទាន់មានដាក់លក់រថយន្ត Lexus LM នៅឡើយទេ ហេតុនេះហើយទើបមានហាងមួយកន្លែងបានកែច្នៃរថយន្ត Toyota Alphard ទៅជា Lexus LM ដោយចំណាយអស់ជាង ១៣ ០០០ដុល្លារ។
រូបរាងខាងក្រៅរបស់រថយន្តដែលកែចេញពី Toyota Alphard គឺមិនខុសពី Lexus LM នោះទេ។ ជាក់ស្ដែងនៅផ្នែកខាងមុខមានផ្លាស់ប្ដូរមកបំពាក់ផ្ទាំងប៉ាណាទំហំធំដែលជាអត្តសញ្ញាណរបស់ Lexus LM, មានអំពូល LED, អំពូលបំភ្លឺពេញថ្ងៃ និងអំពូលខាងក្រោយដូចជារថយន្ត Lexus LM យ៉ាងអ៊ីចឹង។
ចំណែកនៅផ្នែកខាងក្នុងវិញ មិនមានការផ្លាស់ប្ដូរនោះឡើយ នៅរក្សាទ្រង់ទ្រាយដើមរបស់រថយន្ត Toyota Alphard ដដែល ប្រសិនបើប្ដូរត្រូវចំណាយទឹកប្រាក់អស់ច្រើនសន្ធឹក ព្រោះថាខាងក្នុងរបស់ Lexus LM មានប្រណីតភាពខ្ពស់បំផុត។
គួរដឹងថា Lexus LM បានបង្ហាញរូបរាងជាផ្លូវការកាលពីឆ្នាំ ២០១៩ ក្នុងកម្មវិធីតាំងបង្ហាញរថយន្តនៅទីក្រុងសៀងហៃ។ ឈ្មោះ LM នេះដែរគឺជាពាក្យកាត់មកពីពាក្យពេញ Luxury Minivan ដែលមានន័យថារថយន្តវ៉ែនប្រណីត៕