ក្រុមហ៊ុនជំនាញខាងកែច្នៃរថយន្តនៅជប៉ុនឈ្មោះថា Albermo កន្លងមកធ្លាប់បានបង្ហាញស្នាដៃលេងគ្រឿង Lamborghini Urus លើរថយន្ត Toyota RAV4 ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង។ នាពេលនេះក្រុមហ៊ុនបានបង្ហាញស្នាដៃមួយទៀត ដោយបានដាក់គ្រឿង Lamborghini Urus លើរថយន្ត Toyota Harrier វិញម្ដង។
ស្នាដៃលេងចុងក្រោយរបស់ Albermo ពិតជាធ្វើបានល្អ ដោយសាររថយន្ត Toyota Harrier ដែលកែចេញមកមានរូបរាងសមគ្នានឹងគ្រឿងលេង Lamborghini Urus ជាខ្លាំង ធ្វើឲ្យរថយន្តនេះអាចបំភ័ន្តភ្នែកអ្នកដទៃបានពេលមើលពីចម្ងាយ។
គួរដឹងថាគ្រឿងលេងជា Lamborghini Urus សម្រាប់រថយន្ត Toyota Harrier មួយនេះ នឹងចេញលក់លើទីផ្សារនាខែតុលាខាងមុខនេះ ប៉ុន្តែមិនទាន់ដឹងតម្លៃលក់នៅឡើយទេ។ ចំពោះគ្រឿងលេងសម្រាប់រថយន្ត Toyota RAV4 មានតម្លៃប្រមាណ ៣ ១៥០ដុល្លារ ដូចនេះសម្រាប់ Toyota Harrier រំពឹងថាតម្លៃប្រហែលនេះដែរ៕