ក្រុមហ៊ុន Kandi America ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅសហរដ្ជអាមេរិក ដែលគ្រប់គ្រងដោយក្រុមហ៊ុន Kandi Technologies Group របស់ប្រទេសចិន បានធ្វើការបញ្ចេញរថយន្តនូវរថយន្ត K32 ដែលជារថយន្តប្រភេទ UTV (Utility Terrain Vehicle) Off-road អគ្គិសនី។
តាមរយៈការឌីស្សាញឡើងដូចគ្នានឹងរថយន្តភីកអាប់ រថយន្តនេះមានទម្ងន់សរុប ២ ៤៣០គីឡូក្រាម និងប្រវែងសរុប ៥ ៤៣៦មីលីម៉េត្រ ដោយវែងជាងរថយន្ត Ford Ranger។
រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គីសនី២ ដែលអាចបង្កើតកម្លាំងសរុបបាន ២៨សេះ និងមានល្បឿនអតិបរមា ១០៥គីឡូម៉ែត្រក្នុងមួយម៉ោង នឹងប្រើប្រាស់ប៉ុង២។
បន្ថែមពីនេះ រថយន្តប្រភេទ Off-road នេះដំណើរការដោយអាគុយ ២ជម្រើស ដោយទំហំ ២០,៧គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៦០ម៉ាយ (៩៧គីឡូម៉ែត្រ) និងទំហំ ៥០គីឡូវ៉ាត់ម៉ោងដែលអាចបើកបរបានចម្ងាយ ១៥០ម៉ាយ (២៤១គីឡូម៉ែត្រ) និងអាចការសាកថ្មពេញម្តងត្រូវចំនាយពេល ៧,៥ ម៉ោង។
នៅផ្នែកខាងក្នុងរថយន្ត អាចផ្ទុកបានមនុស្សពេញវ័យ ៤នាក់ និងបានបំពាក់ជាមួយអេក្រង់ Touchscreen ទំហំ ១០អ៊ីញ, កុងទ័របង្ហាញប្រភេទឌីជីថល, ពោងសុវត្តិភាពចំនួន ២, កាម៉េរាមើលខាងក្រោយ, ប្រព័ន្ធការពារអាគុយ និងប្រព័ន្ធហ្រ្វាំង ABA និងEBD ផងដែរ។
រថយន្ត K32 Off-road អគ្គិសនីនេះ ត្រូវបានគ្រោងដាក់លក់នៅដើមឆ្នាំ២០២២ ជាមួយតម្លៃចាប់ពី ២៧ ៦៩៩ដុល្លារ ដល់ ៣៤ ៤៩៩ដុល្លារ នៅទីផ្សារសហរដ្ឌអាមេរិក៕