មើលរូបរាងដំបូងនៃ SUV ប្រណីតរបស់រុស្ស៊ី ស្រដៀង Rolls-Royce Cullinan

រថយន្ត​ Aurus Komendant ដែល​ជា​ SUV ប្រណីត​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ថ្មី​ថ្មោង​​​របស់​រុស្ស៊ី ត្រូវ​បាន​ប្រទះ​ឃើញ​បើកបរ​សាក​ល្បង​នៅ​ប្រទេស​ស៊ុយអែត ដោយ​មាន​បិទ​បាំង​មុខ​មាត់​ជិត​តែ​ម្ដង។

ទោះ​មាន​ការ​បិទ​បាំង​ជិត ប៉ុន្តែ​គេ​​អាច​មើល​ដឹង​អំពី​រចនាបថ​ខ្លះៗ​របស់​រថយន្ត ដោយ​ផ្នែក​ខាង​មុខ​វា​មាន​ការ​រចនា​រន្ធ​ខ្យល់ ហាក់​ស្រដៀង​នឹង​រថយន្ត Rolls-Royce Cullinan អ៊ីចឹង​ដែរ ហើយ​អំពូល​ភ្លើង​ក៏​មាន​រចនាបថ​មិន​ខុស​ពី SUV ប្រណីត​របស់ Rolls-Royce ប៉ុន្មាន​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​ផ្នែក​ខាង​ក្នុង តាម​ដែល​រូបភាព​បាន​បង្ហាញ​គឺ​វា​ស្រដៀង​នឹង​រថយន្ត​ប្រភេទ Sedan របស់​ក្រុមហ៊ុន Aurus Motors ដែល​ប្រកាស​ចេញ​កន្លង​ទៅ។ រថយន្ត​នេះ​រំពឹង​ថា​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន Hybrid មាន​ម៉ាស៊ីន​សាំង​ចំណុះ ៤,៤ លីត្រ ៨ ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង ៥៩០ សេះ ដូច​មាន​លើ​រថយន្ត Senat Sedan ដែរ។

ការ​បញ្ចេញ​លក់​ Aurus Komendant នេះ អាច​នឹង​ធ្វើ​ឡើង​នា​អំឡុង​ឆ្នាំ ២០២២ ខាង​មុខ​នេះ ដោយ​នៅ​ឆ្នាំ ២០២១ ក្រុមហ៊ុន​នឹង​បញ្ចេញ​លក់​រថយន្ត Aurus Senat ​ឲ្យ​អតិថិជន​រុស្ស៊ី​ជា​មុន​សិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម