Lamborghini បានបង្ហាញរូបភាពជាច្រើននៃរថយន្តប្រណាំង Urus ST-X ដែលរថយន្តនេះនឹងត្រូវចូលរួមក្នុងកម្មវិធីប្រណាំងរថយន្ត Super Trofeo 2020 World Finals នៅតំបន់ Misano Adriatico ប្រទេសអ៊ីតាលី។
រថយន្តនេះបានបង្ហាញមុខដំបូងនៅខែវិច្ឆិកាឆ្នាំ ២០១៨ ក្នុងនាមជារថយន្ត Concept តែប៉ុណ្ណោះ។ លើរថយន្តនេះ Lamborghini បានបំពាក់នូវប្រព័ន្ធពន្លត់អគ្គិភ័យ និងធុងប្រេង FT3។ ក្រុមហ៊ុនក៏បានធ្វើការកែប្រែបន្ថែមដើម្បីធានាថា Urus ST-X នេះមានទម្ងន់ស្រាលជាងប្រភេទធម្មតា ដោយវាមានទម្ងន់ត្រឹម ១ ៦៤៩ គីឡូក្រាម ស្រាលជាង ២៥%។
Urus ST-X មានបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង ដូចប្រភេទធម្មតាដែរ ដែលផលិតកម្លាំងបាន ៦៤១ សេះ។ តួលេខនៃល្បឿនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែប្រភេទធម្មតាមានល្បឿនអតិបរមា ៣០៥ គ.ម/ម៉ ហើយបង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេលតែ ៣,៦ វិនាទី៕