មើលរូបរាងឡាន F-150 ឆ្នាំ ២០២១ ទើបប្រកាសចេញថ្មីៗ

Ford F-150 ឆ្នាំ ២០២១ បាន​បង្ហាញ​រូបរាង​របស់​ខ្លួន​ជា​ផ្លូវ​ការ ជា​មួយ​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី មាន​បន្ថែម​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន និង​មាន​បន្ថែម​ប្រភេទ​ម៉ាស៊ីន Hybrid មក​ជា​មួយ​ទៀត​ផង។

រូបរាង​ខាង​ក្រៅ​របស់​វា​មិន​សូវ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​ប៉ុន្មាន​ឡើយ​ ប៉ុន្តែ​គេ​អាច​មើល​ដឹង​ថា​វា​ពិត​ជា​ខុស​គ្នា​ពី​ស៊េរី​​មុន។ វា​មាន​ប្រើ​ប្រាស់​អំពូល​ភ្លើង​ខាង​មុខ ​ដែល​​ប្រើ​រចនាបថ​ថ្មី​​មើល​ទៅ​កាន់​តែ​ទាន់​សម័យ ហើយ​មាន​ផ្ទាំង​ប៉ាណា​មុខ​ដែល​មាន​ ១១​ជម្រើស​ផ្សេងៗ​គ្នា​ សម្រាប់​​ F-150 ដែល​មាន​សរុប ៦ Option។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែក​ខាង​ក្នុង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​គួរ​កង់​សម្គាល់ ដូច​ជា​មាន​កុងទ័រ​ប្រភេទ​ឌីជីថល​ទំហំ​ ៤អ៊ីញ ហើយ មាន​អេក្រង់​កម្សាន្ត​ទំហំ​ដល់ ៨អ៊ីញ ឬ​ ១២​អ៊ីញ ​ខុស​គ្នា​ទៅ​តាម​ Option រថយន្ត។ F-150 ថ្មី​នេះ​មាន​បំពាក់​មក​ស្រាប់​នូវ​ SYNC 4 របស់ Ford និង​គាំទ្រ​មុខងារ Apple CarPlay, Android Auto ផង​ដែរ។ បន្ថែម​ពី​នេះ​វា​ក៏​មាន​ផ្ដល់​ប្រព័ន្ធ​សំឡេង​ដ៏​ល្អ​ផង​ដែរ​ ដែល​មាន​ជម្រើស​ចំនួន​ពីរ​គឺ​ប្រព័ន្ធ​សំឡេង B&O ដែល​មាន​រន្ធ​បំពង​សំឡេង​ចំនួន ៨ និង​មួយ​ទៀត​ជា​ប្រព័ន្ធ​សំឡេង B&O ដែរ មាន​​រន្ធ​បំពង​សំឡេង​រហូត​ដល់ ១៨។

​​​​​​​ម៉ាស៊ីន​ដែល​គេ​ប្រើ​ប្រាស់​លើ F-150 ឆ្នាំ ២០២១ គឺ​មាន​ជា​ច្រើន​ជម្រើស​ឲ្យ​ជ្រើស​រើស ប៉ុន្តែ​ចាប់​អារម្មណ៍​ជាង​គេ​ត្រង់​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ដែល​អាច​បើកបរ​បាន​ចម្ងាយ​ដល់​ខ្ទង់ ១១០០ គីឡូម៉ែត្រ​ពេល​ចាក់​ប្រេង​ពេញ។ ប្រព័ន្ធ​នេះ​មាន​គួប​ផ្សំ​ដោយ​​ម៉ាស៊ីន EcoBoost V6 ចំណុះ ៣,៥លីត្រ ប្រភេទ Twin-Turbocharged ជា​មួយ​ម៉ូទ័រ​អគ្គិសនី​កម្លាំង ៣៥ គីឡូវ៉ាត់​ដែល​បាន​ថាមពល​ពី​អាគុយ​ចំណុះ ១,៥ kWh។ Ford មិន​បាន​ប្រាប់​អំពី​កម្លាំង​សេះ​របស់​​ប្រព័ន្ធ Hybrid នេះ​ទេ ប៉ុន្តែ​អះអាង​ថា​វា​មាន​កម្លាំង​សណ្ដោង​ដល់​ទៅ ៦ តោន​ឯណោះ។

Ford នៅ​មិន​បាន​បង្ហាញ​តម្លៃ​ផ្លូវ​ការ​សម្រាប់​ F-150 ឆ្នាំ ២០២១ នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​​គេ​ប៉ាន់​ស្មាន​ថា​វា​នឹង​មាន​តម្លៃ​ចន្លោះ​ពី ៣​ម៉ឺន​ដុល្លារ ដល់​ខ្ទង់ ៧​ម៉ឺន​ដុល្លារ។ រថយន្ត​ភីកអាប់​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​ចុង​ឆ្នាំ ២០២១ នេះ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម