រថយន្ត Honda CR-V ត្រូវបានរំពឹងថានឹងប្រកាសចេញនូវជំនាន់ថ្មីឆាប់ៗនេះ ហើយកាលពីដើមឆ្នាំកន្លងទៅគេបានឃើញនូវប្រភេទគំរូនៃរថយន្តជំនាន់ថ្មីនេះ ត្រូវបានតេស្តនៅរោងចក្រនៅអឺរ៉ុបផងដែរ។
វិបសាយ Motor1 បានផលិតចេញរូបភាព Render នៃរូបរាងរថយន្ត CR-V ជំនាន់ថ្មី ដែលបានបង្កើតឡើងផ្អែកតាមគំរូរថយន្តដែលគេបានឃើញកន្លងមក ដើម្បីឲ្យគ្រប់គ្នាបានឃើញកាន់តែច្បាស់ពីរូបរាងរថយន្ត SUV ខ្នាតតូចជំនាន់ទី៦នេះ។
បញ្ជាក់ថារូបភាពដែលបង្ហាញទាំងនេះគឺជារូបភាព Render បង្កើតតាមរូបរាងរថយន្តគំរូ និងបង្កើតតាមគំនិតស្រមើស្រមៃ ក៏ដូចជាបង្កើតឡើងផ្អែកតាមរចនាបថរថយន្ត Honda ស៊េរីថ្មីដែលបានបង្ហាញចេញនាពេលកន្លងមកផងដែរ។
Honda CR-V ជំនាន់ថ្មីរំពឹងថានឹងបង្ហាញចេញនៅក្នុងឆ្នាំ២០២២ សម្រាប់លក់ចេញជាស៊េរីឆ្នាំ២០២៣ ហើយក្នុងពេលខាងមុខនេះគេនឹងឃើញគំរូនៃរថយន្តនេះបើកបរលើដងផ្លូវជាបន្តបន្ទាប់ ដែលនឹងអាចផ្ដល់ជាតម្រុយបន្ថែមទៀតអំពីវា៕