មើល​ឲ្យ​ច្បាស់​រូបរាង​រថយន្ត​ SUV ប្រណីត​វៀតណាម លក់​តម្លៃ ៦ ម៉ឺនដុល្លារ

រថយន្ត​ Vinfast ប្រភេទ SUV ម៉ូដែល Lux SA2.0 បាន​បង្ហាញ​មុខ​ឡើង​ក្នុង​កម្មវិធី “Experience Day” នៅ​ប្រទេស​វៀតណាម ខណៈ​ពេល​ការ​ចេញ​លក់​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​កាន់​តែ​ខិត​ជិត​មក​ដល់។

ក្នុង​កម្មវិធី​នេះ រូបរាង​ច្បាស់ៗ​នៃ Lux SA2.0 ត្រូវ​​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ផ្ដិត​បាន ឲ្យ​គេ​ឃើញ​គ្រប់​កន្លុក​កន្លៀត​នៃ​រថយន្ត​​ SUV ប្រណីត​ដំបូង​របស់​វៀតណាម។ រថយន្ត​នេះ​​មាន​ទំហំ ៤៩៤០ x ១៩៦០ x ១៧៧៣ ម.ម មាន​កម្ពស់​ពី​ដី ១៩២ ម.ម និង​ទម្ងន់ ២១០០ គីឡូក្រាម។ ទំហំ​របស់​វា​ស្ថិត​នៅ​ក្រុម​ជា​មួយ​គូ​ប្រជែង​ដូច​ជា​ Hyundai Santa Fe, Mazda CX-8 ឬ Toyota Fortuner ជា​ដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែក​ខាង​មុខ​របស់​រថយន្ត​មាន​បំពាក់​នូវ​អំពូល​ភ្លើង​មាន​រាង​ស្ដើង​ប្រភេទ LED សុទ្ធ រំលេច​ចេញ​ជា​អក្សរ V តំណាង​ឲ្យ​ពាក្យ Vinfast។

កង់​រថយន្ត​ជា​ប្រភេទ​ស្តង់ដារ​មាន​ទំហំ ១៩ អ៊ីញ ជា​កង់ Alloy។ ចំណែក​សម្បក​កង់​វិញ​ធំ និង​ក្រាស់ ដោយ​សម្បក​កង់​មុខ​ជា​ 255/50-R19 និង​សម្បក​កង់​ក្រោយ​គឺ 285/45-R19។

រថយន្ត​នេះ​មាន​បំពាក់​នូវ​កញ្ចក់​ចំហៀង​អេឡិចត្រូនិក, អាច​​ក្ដោប​ដោយ​ស្វ័យប្រវត្តិ, មាន​បង្កប់​នូវ​ភ្លើងស៊ីញ៉ូ, មាន​មុខងារ​សម្ងួត​កញ្ចក់ និង​មាន​កាមេរ៉ា​បង្កប់​ពី​ក្រោម​អាច​មើល​ទិដ្ឋភាព​បាន​ច្បាស់​ពេល​ចូល​ចត។

អំពូល​ភ្លើង​ខាង​ក្រោយ​ក៏​ជា​ប្រភេទ LED សុទ្ធ​ដែរ ដែល​​រចនា​មក​សំឡេង​ជា​អក្សរ V ដូច​ជា​អំពូល​ភ្លើង​ខាង​មុខ​ដែរ។

កៅអី​បំពាក់​លើ​ Lux SA2.0 មាន​ស្រោប​ដោយ​សារធាតុ​ស្បែក និង​មាន​ប៊ូតុង​សម្រាប់​បញ្ជា​ទិសដៅ​កៅ​អី​បាន ដោយ​មិន​មាន​ Memory Mode នោះ​ទេ។

ចង្កូត​រថយន្ត​ស្រោប​ដោយ​ស្បែក មាន​ប៊ូតុង​សម្រាប់​បញ្ជា​មុខងារ​ជា​ច្រើន ដូច​ជា​បញ្ជា​សំឡេង បញ្ជា​​ដោយ​សំឡេង និង​បញ្ជា​លើ​មុខងារ Cruise Control ជា​ដើម។

អេក្រង់​នៅ​ចំ​កណ្ដាល​ជា​ប្រភេទ Touch មាន​ទំហំ ១០,៤ អ៊ីញ អាច​ភ្ជាប់​ជា​មួយ Apple CarPlay និង Android Auto ហើយ​ភ្ជាប់​ជា​មួយ Bluetooth បាន​ផង​ដែរ។

កន្លែង​ប្ដូរ​លេខ​បាន​រចនា​ឡើង​ស្រដៀង​នឹង​​រថយន្ត​ BMW ដែរ។

រថយន្ត​នេះ​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិ នៅ​ជួរ​ខាង​ក្រោយ​ក៏​មាន​ម៉ាស៊ីន​ត្រជាក់ ហើយ​មាន​រន្ធ​សម្រាប់​ដោត​សាក​ឧបករណ៍​អេឡិចត្រូនិក និង​ឧបករណ៍​ដទៃ​ទៀត​បាន​ជា​ច្រើន។

ម៉ាស៊ីន​រថយន្ត​មាន​ចំណុះ ២,០ លីត្រ ចំនួន ៤ ស៊ីឡាំង ប្រភេទ Turbocharged អាច​ផលិត​កម្លាំង​បាន​ ២២៨ សេះ និង​ប្រើ​ប្រព័ន្ធ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ គួប​ផ្សំ​នឹង​​ប្រព័ន្ធ​បើកបរ​ប៉ុង​ក្រោយ។

គួរ​ដឹង​ថា​រថយន្ត​ Lux SA2.0 នេះ​មាន​លក់​ក្នុង​ដំណាក់​កាល​ដំបូង​ជា​មួយ​តម្លៃ​ប្រមាណ​ ៦០ ២៩១ ដុល្លារ។ ដំណាក់​កាល​បន្ទាប់​តម្លៃ​នឹង​ឡើង​ដល់​ ៧៨ ៣០០ ដុល្លារ ដែល​តម្លៃ​នេះ​រាង​ថ្លៃ​ជាង​គូ​ប្រជែង​បន្តិច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម