[ទីផ្សារបរទេស] នាយកប្រតិបត្តិក្រុមហ៊ុន Toyota លោក Akio Toyoda បានលើកឡើងថាលោកសប្បាយរីករាយខ្លាំង ពេលដឹងថាក្រុមហ៊ុនរបស់ខ្លួនអាចលក់រថយន្តបានច្រើនជាងក្រុមហ៊ុន General Motors ក្នុងទីផ្សារសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២១។
រំលឹកថាក្រុមហ៊ុន General Motors បានជ្រុះតំណែងជាក្រុមហ៊ុនលក់រថយន្តដាច់បានច្រើនជាងគេក្នុងឆ្នាំ២០២១ ស្របពេលដែលត្រូវប្រឈមនឹងបញ្ហាកង្វះការផ្គត់ផ្គង់។ ការលក់របស់ GM បានធ្លាក់ចុះ ១៣% មកនៅត្រឹម ២,២លានគ្រឿង នៅឆ្នាំ២០២១ ខណៈដែល Toyota កើនឡើងការលក់ ១០,៤% ឡើងមកដល់ ២,៣លានគ្រឿង។
ក្នុងជំនួបកាលពីថ្មីៗនេះ លោក Toyoda បាននិយាយថាលោកសប្បាយរីករាយដល់ថ្នាក់បង្ហាញក្បាច់រាំ ក្រោយពីបានឃើញព័ត៌មាននេះ។ លោក Toyoda និយាយថា ៖ “ខ្ញុំពិតជាបានរាំបែបសប្បាយបន្តិចក្នុងការិយាល័យរបស់ខ្លួន។ សំណាងល្អដែលមិនមាននរណាមើលឃើញ។”
Toyota អាចលក់រថយន្តបានច្រើនជាងគូប្រជែង ក៏ដោយសារមានការគ្រប់គ្រងបានល្អលើសង្វាក់ផ្គត់ផ្គង់ ប៉ុន្តែក្រុមហ៊ុននេះក៏ត្រូវប្រឈមមុខនឹងការខ្វះខាតគ្រឿងបន្លាស់ដូចជាគូប្រជែងផងដែរ។
ជាក់ស្ដែងថ្មីៗនេះ Toyota បញ្ជាក់ថាខ្លួននឹងកាត់បន្ថយទំហំផលិតនៅខែតុលា ប្រមាណ ៥ម៉ឺនគ្រឿង ដែលមានន័យថាទំហំផលិតសរុបនឹងត្រូវថយចុះពី ៨០ម៉ឺនគ្រឿង មកនៅ ៧៥ម៉ឺនគ្រឿង៕