ថ្មីៗនេះក្រុមហ៊ុន Hyundai បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះរថយន្តហោះ ដោយអះអាងថា ពួកគេនឹងក្លាយជាការពិតនៅក្នុងទីក្រុងជុំវិញពិភពលោក នៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។
លោក Michael Cole ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Hyundai នៅអឺរ៉ុប បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនបានធ្វើការវិនិយោគយ៉ាងសំខាន់នៅក្នុងវិស័យរថយន្តហោះ ហើយក្រុមហ៊ុនជឿជាក់ថាវាពិតជាផ្នែកមួយនៃអនាគត។
ប៉ុន្តែរថយន្តហោះនេះប្រហែលជាមិនមែនដូចអ្វីដែលអ្នកគិតឡើយ ព្រោះជាក់ស្តែង ក្នុងដំណាក់កាលដំបូង វាគឺជារថយន្តតាក់ស៊ីលើអាកាស ជាជាងរថយន្តដឹកអ្នកដំណើរធម្មតា។ ម្យ៉ាងទៀត វាអាចនឹងមានរូបរាងស្រដៀងទៅនឹងឧទ្ធម្ភាគចក្រ ឬ ដ្រូន ជាជាងរថយន្ត ឬយន្តហោះធម្មតា។
ទោះបីជាយ៉ាងណាក៏ដោយ វានឹងក្លាយជាសមិទ្ធិផលដ៏អស្ចារ្យមួយ បើសិនជាក្រុមហ៊ុន Hyundai អាចធ្វើឲ្យវាកើតឡើងបាន៕