CEO ក្រុមហ៊ុន Tesla លោក Elon Musk បានទទួលស្គាល់ថា រថយន្តរបស់ខ្លួនបច្ចុប្បន្នមានតម្លៃថ្លៃពេក ហើយបង្ហាញថាខ្លួនអាចនឹងចេញម៉ូដែលថ្មី ដែលមានរូបរាងតូច និងតម្លៃថោកជាងនេះ។
ខណៈពេលកំពុងនិយាយទៅកាន់អ្នកវិភាគ និងអ្នកវិនិយោគ ជុំវិញដំណើរការក្នុងត្រីមាសទី២ របស់ក្រុមហ៊ុន លោក Musk បាននិយាយថា តម្លៃខ្ពស់នៃរថយន្ត Tesla គឺជាអ្វីដែលត្រូវតែចាត់ការចេញ។
“វាគឺជារឿងសំខាន់ក្នុងការធ្វើឲ្យរថយន្តមានតម្លៃថោកសមរម្យ។ ខ្ញុំគិតថាយើងនឹងមិនជោគជ័យលើបេសកកម្មរបស់យើងឡើយ ប្រសិនបើយើងមិនធ្វើឲ្យរថយន្តមានតម្លៃថោកសមរម្យ”។
គួរឲ្យដឹងថា រថយន្ត Tesla Model 3 ដែលជាម៉ូដែលថោកបំផុតនោះ មានតម្លៃចាប់ពី ៣៧ ៩៩០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ ថ្វីបើវាមានតម្លៃសមរម្យ បើគិតលើដំណើរការ និងបច្ចេកវិទ្យាដែលមានលើរថយន្តនោះក្តី ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើននៅតែគិតថាវាថ្លៃដដែល៕