លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានធ្វើការអះអាងថារថយន្ត Model Y នឹងជារថយន្តអ្នកដំណើរ Light-Duty ដែលលក់ដាច់ជាងគេក្នុងលោក អាចនៅឆ្នាំ២០២២ ឬនៅឆ្នាំ២០២៣។
លោក Elon Musk បានធ្វើការអះអាងបែបនេះអំឡុងកិច្ចប្រជុំរបស់ Tesla ដែលនិយាយអំពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១នៃឆ្នាំ២០២១។ ដើម្បីឲ្យការអះអាងនេះក្លាយជាការពិតបាន តម្រូវការលើរថយន្ត Model Y នឹងត្រូវមានកំណើនច្រើនលើសធម្មតា។
កាលពីឆ្នាំមុន Toyota អាចលក់រថយន្ត Corolla បានប្រមាណ ១,១លានគ្រឿង ធ្វើឲ្យវាក្លាយជារថយន្តអ្នកដំណើរប្រភេទ Light-Duty ដែលលក់ដាច់បានច្រើនជាងគេ។ បើមើលមករថយន្ត Model 3 និង Model Y អាចលក់ចេញបានត្រឹមតែ ៤៤២ ០០០គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ២០២ ប៉ុន្តែ Tesla មិនបានបញ្ជាក់ថាក្នុងនោះមានរថយន្ត Model Y ប៉ុន្មានឡើយនោះទេ។
ងាកមកមើលលទ្ធផលប្រចាំត្រីមាសទី១របស់ Tesla វិញ ក្រុមហ៊ុនបានរាយការណ៍អំពីប្រាក់ចំណេញចំនួន ៤៣៨លានដុល្លារ ដែលក្នុងនោះអាចលក់ចេញរថយន្ត Model 3 និង Model Y សរុបចូលគ្នាបានចំនួន ១៨៤ ៨០០គ្រឿង៕