លោក Markus Duesmann ជានាយកប្រតិបត្តិរបស់ Audi បានបញ្ជាក់ទៅកាន់សារព័ត៌មានអាល្លឺម៉ង់ Automobilwoche អំពីការបញ្ចប់ការអភិវឌ្ឍន៍ម៉ាស៊ីនប្រើប្រាស់ពីស្តុង គឺទាំងម៉ាស៊ីនប្រើប្រេងសាំង និងម៉ាស៊ូត។
លោកនាយកប្រតិបត្តិរូបនេះបាននិយាយថា ៖ “ផែនការរឹតបន្តឹងលើកម្រិតបំភាយឧស្ម័នពុលនៅអាពុលគឺជាបញ្ហាប្រឈមផ្នែកបច្ចេកទេសដ៏ធំមួយ ហើយវាដោះដូរបានផលប្រយោជន៍តិចតួចបំផុតសម្រាប់បរិស្ថាន។ ដូចនេះយើងនឹងលែងអភិវឌ្ឍន៍ម៉ាស៊ីនប្រើពីស្តុងថ្មី ប៉ុន្តែនឹងបន្តកែសម្រួលម៉ាស៊ីនដែលមានដើម្បីគោរពទៅតាមច្បាប់ឧស្ម័នពុលថ្មី។”
និយាយឲ្យងាយស្រួលយល់គឺ Audi បានចាប់ផ្ដើមការបោះបង់ចោលម៉ាស៊ីនពីស្តុងចាប់ពីពេលនេះតទៅ ទោះបីជាច្បាប់ឧស្ម័នពុលថ្មីមិនទាន់អនុវត្តន៍ក៏ដោយក្ដី (ច្បាប់ Euro 7 នឹងអនុវត្តន៍ចាប់ពីឆ្នាំ ២០២៥) ដោយ Audi នឹងងាកមកអភិវឌ្ឍន៍រថយន្តប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញ។
ទោះយ៉ាងណាក្ដីនៅមានទីផ្សារជាច្រើនដែលមិនទាន់មានការអភិវឌ្ឍន៍លើស្ថានីយសាកភ្លើងរថយន្ត ដូចនេះទំនងជានឹងបន្តលក់រថយន្តប្រើប្រាស់ម៉ាស៊ីនពីស្តុងជាបន្តនៅប្រទេសទាំងនោះ ក្រោយពីឈប់លក់នៅទឹកដីកំណើតរបស់ខ្លួន៕