ចំណាត់ថ្នាក់ពេញចិត្តរបស់អតិថិជនអាមេរិកហៅកាត់ថា ACSI គឺជាការវាស់វែងនៃសេវាកម្ម និងផលិតផលផ្អែកលើការពេញចិត្តរបស់អតិថិជន ហើយនៅឆ្នាំ២០២១នេះ ACSI បានប្រមូលមតិពីអតិថិជនផ្នែករថយន្តចំនួន ៤ ៨៨៨នាក់ ដែលត្រូវបានជ្រើសរើសដោយចៃដន្យ និងទាក់ទងតាមរយៈអ៉ីម៉ែលអំឡុងខែកក្កដាឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១។
អតិថិជនទាំងអស់ត្រូវបានស្នើសុំឲ្យធ្វើការវាយតម្លៃបទលើបទពិសោធន៍របស់ពួកគេ ជាមួយម៉ាករថយន្តធំៗ ដោយលទ្ធផលគឺត្រូវកំណត់ពិន្ទុចាប់ពី ០ ដល់ ១០០។ ជាលទ្ធផលគេឃើញថាម៉ាក Honda ទទួលបានចំណាត់ថ្នាក់លេខមួយ ជាមួយពិន្ទុចំនួន ៨២ពិន្ទុ ដែលមានការកើនឡើង ៤% ធៀបនឹងឆ្នាំមុន។
ម៉ាករថយន្តបន្ទាប់គឺ BMW ដែលទទួលបាន ៨១ពិន្ទុ ខណៈម៉ាក Lexus និង Subaru ទទួលបាន ៨១ពិន្ទុ ស្មើគ្នា ហើយឆ្នាំមុនផងដែរ Lexus គឺជាម៉ាករថយន្តលំដាប់លេខមួយក្នុងតារាងចំណាត់ថ្នាក់ ACSI។ ម៉ាករថយន្តបន្ទាប់ទៀតមានដូចជា Audi, Ram និង Tesla ទទួលបានចំនួន ៨០ពិន្ទុ ចំណែកឯ Hyundai, Mazda និង Toyota ទទួលបាន ៧៩ពិន្ទុ។
គួរដឹងថាម៉ាករថយន្តដែលស្ថិតនៅចំណាត់ថ្នាក់ក្រោមគេនៃម៉ាករថយន្តសរុបចំនួន ២៧ម៉ាក គឺម៉ាក Mitsubishi ដែលទទួលបាន ៧១ពិន្ទុ និងម៉ាក Chrysler ដែលទទួលបាន ៧០ពិន្ទុ។
គួរដឹងថា ACSI បានវិភាគលើសុវត្ថិភាពនៃរថយន្ត, ភាពរឹងមាំនៃការប្រើប្រាស់, សមត្ថភាពរថយន្ត, រូបរាងខាងក្រៅ, ផាសុកភាព, គ្រឿងបរិក្ខារខាងក្នុង, គុណភាពនៃការប្រើជាមួយទូរសព្ទ, បច្ចេកវិទ្យា, កម្រិតស៊ីប្រេង និងការធានាផងដែរ៕