ម៉ាកឡានប្រណីតកូរ៉េ ឡើងវ៉ាម៉ាក Mercedes និង BMW បានសម្រេច

Genesis បាន​សាង​ខ្លួន​ក្លាយ​ជា​ម៉ាក​រថយន្ត​ប្រណីត​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ទឹកដី​កំណើត ដោយ​បាន​យក​ឈ្នះ​ម៉ាក Mercedes-Benz។

គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កក្កដា ម៉ាក Genesis អាច​លក់​ចេញ​បាន ៦០ ០០៦គ្រឿង នៅ​កូរ៉េ​ខាង​ត្បូង ប្រៀប​នឹង Mercedes-Benz លក់​បាន ៤១ ៥៨៣​គ្រឿង និង BMW លក់​ចេញ​បាន ២៩ ២៤៦​គ្រឿង។ តួ​លេខ​របស់ Genesis មាន​កំណើន​រហូត​ដល់ ៦៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា Genesis ធ្លាប់​បាន​យក​ឈ្នះ​ម៉ាក​រថយន្ត​អាល្លឺម៉ង់​ម្ដង​ដែរ​កាល​ពី​ឆ្នាំ ២០១៦។ យ៉ាងណាក្ដី​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ តំណែង​កំពូល​ត្រូវ​បាន​​ Mercedes-Benz ដណ្ដើម​យក​បាន ហើយ Genesis ថែម​ទាំង​ចាញ់​ច្រាប​ BMW ក្នុង​ឆ្នាំ ២០១៧ និង ២០១៨ ផង​ដែរ។

កត្តា​ដែល​នាំ​ឲ្យ Genesis ជោគជ័យ​នា​ឆ្នាំ​នេះ​គឺ​ដោយ​សារ​តែ​រថយន្ត​ SUV ប្រណីត GV80 ដែល​​​បាន​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​នា​ខែ​មីនា។ គិត​មក​ដល់​ខែ​កក្កដា​នេះ Genesis អាច​លក់ SUV របស់​ខ្លួន​​​បាន​ចំនួន ២០ ០១៦​គ្រឿង ជិត​ដល់​គោលដៅ​កំណត់​សម្រាប់​ឆ្នាំ ២០២០ ដែល​កំណត់​ថា​នឹង​លក់​ឲ្យ​បាន ២៤ ០០០គ្រឿង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម