តួលេខត្រឹមឆ្នាំ ២០២០ បានបង្ហាញឲ្យឃើញថាម៉ាករថយន្ត Jeep នៅតែទទួលបានការគាំទ្រខ្លាំងនៅជប៉ុន ដែលធ្វើឲ្យម៉ាកអាមេរិកមួយនេះចង់បន្ថែមគោលដៅលក់របស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំខាងមុខទៀត។
ការចុះផ្សាយរបស់ Automative News បានឲ្យដឹងថា Jeep មានផែនការបើកដំណើរការហាងលក់រថយន្តថ្មីឲ្យបានយ៉ាងតិច ១០០ទីតាំង នៅប្រទេសជប៉ុនត្រឹមឆ្នាំ ២០២៣ ដែលបច្ចុប្បន្នមានចំនួន ៨២ទីតាំង។
ក្នុង៣ឆ្នាំខាងមុខទៀត Jeep ចង់លក់រថយន្តឲ្យបានលើសពី ២ម៉ឺនគ្រឿង កើនឡើងពីចំនួនលក់ ១៣ ៥៨៨គ្រឿង ក្នុងឆ្នាំ ២០២០។ គួរដឹងថា ២០២០ គឺជាឆ្នាំទី៧ហើយ ដែល Jeep អាចបង្កើតកំណត់ត្រាលក់ជាថ្មី ទោះបីជាមានផ្ទុះជំងឺកូវីដ១៩ក្ដី។
ជប៉ុនបានក្លាយជាទីផ្សារធំមួយសម្រាប់រថយន្ត Jeep Wrangler ក្រៅពីទឹកដីអាមេរិកខាងជើង។ តាមរយៈការដាក់លក់រថយន្ត Jeep Renegade 4xe PHEV សម្រាប់ឆ្នាំ ២០២១ នេះរំពឹងថានឹងធ្វើឲ្យម៉ាក Jeep កាន់តែជោគជ័យខ្លាំងនៅជប៉ុន៕