[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Platinum 4X ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ២៥ ០៤៣ ដុល្លារ ដល់ ៣៣ ២៦១ ដុល្លារនៅទីផ្សារប្រទេសចិន ។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-TNGA platform មានប្រវែងតួខ្លួនសរុប ៤ ៦៩០ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងដូចទៅនឹងរថយន្ត bZ4x តែប្រើប្រាស់ភាសារចនា Activity Hub មានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ និងដំបូលបំពាក់ជាមួយសូឡា អាចបើកបរបានចម្ងាយ ១ ៧៥០ គីឡូម៉ែត្រ/ឆ្នាំ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាមួយប្រព័ន្ធ Audio Multimedia system ដូច Tundra ក៏ដូចជាដំបូលកញ្ចក់ sunroof ទំហំធំជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធ Toyota Safety System 3.0 ទៀតផង ។
Toyota Platinum 4X ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣៣៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរ X-Mode ប៉ុង ២ និងគាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ០-៨០% ប្រើរយៈពេល ៣០ នាទី ៕