កាលពីដើមឆ្នាំ ២០២០ កន្លងទៅចំនួនផលិតរបស់រថយន្ត Volkswagen Tiguan ឡើងផុតខ្ទង់ ៦លានគ្រឿង ចាប់តាំងពីរថយន្តនេះប្រកាសចេញនាចុងឆ្នាំ ២០០៧ មក។
ត្រឹមតែឆ្នាំមុនតែឯង VW ផលិតរថយន្ត Tiguan បានសរុប ៩១០ ៩២៦ គ្រឿង ធ្វើឲ្យវាក្លាយជារថយន្តលក់ដាច់ជាងគេរបស់ម៉ាក VW និងជារថយន្តលក់ដាច់ជាងគេសម្រាប់សម្ព័ន្ធ VW ទាំងមូលផងដែរ។ លទ្ធផលនេះមិនជាគួរឲ្យភ្ញាក់ផ្អើលប៉ុន្មានឡើយ ដោយសារ Tiguan ពេញនិយមខ្លាំងនៅជុំវិញពិភពលោក ហើយប្រទេស ៨០% ក្នុងចំណោមប្រទេសទាំងអស់លើលោកមានលក់រថយន្ត Tiguan នេះ។
ជាមួយតួលេខដ៏អស្ចារ្យនេះដែរ បានធ្វើឲ្យ Tiguan ក្លាយជារថយន្ត SUV ដែលលក់ដាច់ជាងគេនៅអឺរ៉ុប ហើយបើគិតទូទាំងពិភពលោកគឺវាឈរនៅលំដាប់ថ្នាក់លេខ ៣ ជា SUV លក់ដាច់ជាងគេ។ រថយន្ត Tiguan ជំនាន់បន្ទាប់ដែលផ្លាស់ប្ដូររូបរាងថ្មី អាចនឹងបង្ហាញមុខចេញនៅអំឡុងចុងឆ្នាំនេះ៕