[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Exeed StarWay Special Edition Explorer Edition ប្រភេទ SUV ៥ ដល់ ៧កៅអី ជាផ្លូវការជាមួយនឹងតម្លៃលក់មុនចាប់ពី ២៧ ៧០២ ដុល្លារ ដល់ ២៩ ២០៨ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
Chery Exeed StarWay Explorer Edition ត្រូវបានដាក់ជាម៉ូដែលខ្ពស់មួយដែលមានប្រវែងសរុប ៤៩៧០ មម ទទឹង ១៩៤០ មម កំពស់ ១៧៨៨ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៩០០ មម។
សម្រាប់រូបរាងការរចនាផ្នែកខាងក្រៅនៃរថយន្តនេះមានបំពាក់ជាមួយប៉ាណាខាងមុខមានរន្ធខ្យល់ដែលត្រូវបានរចនាឡើងដូចជាខ្សែទឹកធ្លាក់ ចង្កៀងមុខ LED ថ្មីជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ចង្កៀងកាត់អ័ព្ទខាងមុខ ធ្វើឲ្យរថយន្តកាន់តែមានភាពលេចធ្លោ។
រីឯផ្ទៃខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិតនិងផាសុកភាព មានភ្ជាប់មកជាមួយអេក្រង់ភ្លោះទំហំ ១២,៣ អ៊ីញ និងអេក្រង់ ១២,៣ អ៊ីញ, ប្រព័ន្ធ Lion 4.1 Zhiyun ថ្មី ដៃចង្កូតប្រភេទអេឡិចត្រូនិច និងជំនួយការចតដោយស្វ័យប្រវត្តិ។ លើសពីនេះ រថយន្តស៊េរីថ្មីនេះ ក៏មានភ្ជាប់មកជាមួយមុខងារ Face ID ក៏ដូចជាកាំមេរ៉ាដែលបំពាក់នៅលើ A-pillar ដែលអាចសម្គាល់មុខ និងអាចធ្វើចលនាដើម្បីដោះសោរ, ដំបូលបើកបែប Sunroof និងកាំមេរ៉ា ៣៦០ ដឺក្រេផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តម៉ូដែលពិសេស Chery Exeed StarWay Explorer Edition ដំណើរការជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៦១ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៧វគ្គអូតូ ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តម៉ូដែលពិសេសនេះមានជម្រើសពណ៌ផ្តាច់មុខថ្មីចំនួន ៣ គឺ Magic Night Black, Meteor Lime និង Aurora Green ដោយ Aurora Green គឺជាពណ៌តែមួយគត់សម្រាប់ប្រភេទ ៥កៅអី៕