[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តម៉ូដែលពិសេស Geely Binue Super Power Edition គ្រោងនឹងចេញលក់នៅទីផ្សារប្រទេសចិននៅក្នុងខែកក្កដា ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ត្រឹមតែ ៨ ៣០០ ដុល្លារ ។
រថយន្តនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BMA platform ដំណើរការដោយម៉ាស៊ីនថ្មីខុសពីម៉ូដែលបច្ចុប្បន្ន ពោលគឺម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២៦ សេះ និងកម្លាំងរមួល ១៥២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ ឬប្រអប់លេខអូតូ CVT ៨វគ្គ នឹងមានកម្រិតស៊ីប្រេងខ្ទង់ ៦,៨លីត្រ/១០០គីឡូម៉ែត្រ ។
Geely Binue Super Power Edition មានប្រវែងតួខ្លួនសរុប ៤ ៣៣០ ម.ម ទទឹង ១ ៨០០ ម.ម កំពស់ ១ ៦០៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦០០ ម.ម ដែលមានការឌីស្សាញផ្នែកខាងក្រៅបែបស្ព័រ ជាមួយប៉ាណាមុខ និងរន្វសម្រាប់ខ្យល់ចេញ-ចូលទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញ ក៏ដូចជាកាង spoiler ជាប់ដំបូលលយចេញមកក្រៅផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ៕