ម៉ូដែលពិសេស Chery Tiggo 8 Plus មុខមាត់ថ្មី តម្លៃលក់អត់ដល់ ២មុឺនដុល្លារ នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Chery Tiggo 8 Plus Champion Edition ប្រភេទ SUV ៧កៅអី មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ១៧ ០០០ ដុល្លារ ដល់ ២០ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧២២ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៧៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងរបស់ SUV ៥ កៅអី នេះ មានបំពាក់អេក្រង់អេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 និងកៅអីស្រោបដោយស្បែកមានមុខងារខ្យល់-កំដៅសម្រាប់នៅផ្នែកខាងមុខ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែ ភ្លើងលម្អ ដំបូលកញ្ចក់ panoramic sunroof និងកាម៉េរា ៣៦០ ដឺក្រេផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៧ វិនាទី និងមានកម្រិតស៊ីប្រេង ៦,៨ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម