[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai i30 N Drive-N Limited Edition ដែលជាម៉ូដែលពិសេសជាមួយចំនួនត្រឹម ៨០០ គ្រឿងសម្រាប់ទីផ្សារពិភពលោក។ ដោយអតិថិជនក្នុងទីផ្សារប្រទេសអូស្រ្តាលីទទួលបានត្រឹមតែ ១៨០ គ្រឿងប៉ុណ្ណោះ។
ម៉ូដែលពិសេសនេះផលិតនៅលើម៉ូដែល i30 N Premium បន្ថែមជាមួយនឹងដំបូលបើកបែប Sunroof និងរួមបញ្ចូលការបំពាក់ថាសកង់ស្ព័រទំហំ ១៩ អ៊ីញតែមួយគត់សម្រាប់ម៉ូដែលនេះ, ឡូហ្គោ Hyundai ពណ៌ខ្មៅ, ឡូហ្គោពិសេសពណ៌សំរឹទ្ធនៅខាងមុខ និងឡូហ្គោ Drive-N ដែលមានផ្តាច់មុខនៅផ្នែកចំហៀងនៃរថយន្ត។
ការធ្វើឲ្យប្រសើរឡើងនៅផ្នែកខាងក្នុងរបស់រថយន្ត Hyundai i30 N Drive-N Limited Edition និងរួមបញ្ចូលស្បែក Alcantara នៅលើដៃចង្កូត, ប្រអប់លេខ, កន្លែងទម្រដៃ (armrest) និងហ្វ្រាំងដៃ។ បន្ថែមពីលើនេះ ពណ៌ខៀវ (Performance Blue) ជាពណ៌ស្តង់ដារត្រូវបានជំនួសដោយការតុបតែងពណ៌ក្រហម រួមទាំងប៊ូតុង N នៅលើដៃចង្កូត ក៏ដូចជាការបញ្ចូលថ្នេដេរនៅលើកៅអី និងកម្រាលពូកផ្តាច់មុខក៏ត្រូវបានផលិតសម្រាប់ម៉ូដែលពិសេសនេះផងដែរ។
ជាមួយគ្នានេះ អតិថិជនក៏ទទួលបានប្រអប់ស្វាគមន៍មួយដែលមានកូនសោពីរឈុត និងកូនសោ Drive-N មួយផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយល្បឿនកំណត់ដោយដៃ ដែលអាចត្រូវបានធ្វើឲ្យសកម្មដោយសង្កត់ប៊ូតុងបញ្ជាពេលបើកបរ និងកំណត់ល្បឿនដើម្បីការពារអ្នកបើកបរមិនឲ្យបើកបរហួសល្បឿនកំណត់។
គួរឲ្យដឹងថា ក្រុមហ៊ុន Hyundai ប្រចាំនៅប្រទេសអូស្ត្រាលីនឹងផ្តល់ជូននៅរថយន្ត i30 N Drive-N Limited Edition ជាប្រភេទប្រអប់លេខដៃ ៦ វគ្គ មានតម្លៃ ៣៣ ៣០៨ ដុល្លារ និងម៉ូដែលប្រអប់លេខដៃ ៨ វគ្គ មានតម្លៃ ៣៥ ១៨៦ ដុល្លារ ៕