ម្ចាស់រថយន្ត Chevrolet Captiva ប្រមាណ ១០០ នាក់ក្នុងប្រទេសថៃ បានធ្វើបាតុកម្មសុំឲ្យក្រុមហ៊ុន General Motors Thailand ផ្ដល់ជូនលុយ ១៦ ០០០ ដុល្លារ ត្រឡប់ទៅឲ្យពួកគេ ដែលជាតម្លៃដែលក្រុមហ៊ុនបានចុះថ្លៃលើរថយន្ត Captiva កាលពីថ្មីៗនេះ។
គួរដឹងថាក្រុមហ៊ុន GM Thailand បានប្រកាសឈប់លក់រថយន្ត Chevrolet និងលក់រោងចក្រផលិតរថយន្ត Chevrolet នៅប្រទេសថៃ។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏បានធ្វើការលក់បញ្ចុះតម្លៃរថយន្តដែលនៅសល់ក្នុងស្តុករហូតដល់រាប់ពាន់ រាប់ម៉ឺនដុល្លារឯណោះ។ ជាក់ស្ដែងរថយន្ត Captiva មួយប្រភេទ ទម្លាក់ថ្លៃពី ៣២ ០០០ ដុល្លារ មកនៅ ១៦ ០០០ ដុល្លារ។
អ្នកដែលបាតុកម្មទាមទារលុយមកវិញ គឺពួកគេបានទិញរថយន្ត Captiva នៅពេលដែលវាចេញលក់ដំបូងនៅខែកញ្ញា ឆ្នាំ ២០១៩ រយៈពេល ៥ ខែមុនការប្រកាសដកខ្លួនចេញពីទឹកដីថៃរបស់ GM។ ខណៈពេលនេះមិនទាន់ឃើញមានការឆ្លើយតបពី GM Thailand នៅឡើយទេ៕