ម្ចាស់ឡានអគ្គិសនីប្រើពន្លឺព្រះអាទិត្យ ចេញមុខសុំឲ្យអតិថិជនកក់លុយ ៣ពាន់ដុល្លារ ដើម្បីបន្តដំណើរទៅមុខ

[ទីផ្សារបរទេស] នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Sono Motors ឈ្មោះ Jona Christians និង Laurin Hahn បានប្រកាសថាពួកគេបរាជ័យក្នុងការរៃអង្គាសថវិកាដើម្បីបន្តទំនុកបម្រុងដល់រថយន្ត Sion ជារថយន្តអគ្គិសនីដែលប្រើថាមពលព្រះអាទិត្យ។

ក្នុងវីដេអូខ្លីមួយ នាយកប្រតិបត្តិ Sono Motors បានបកស្រាយអំពីបញ្ហាក្នុងការរៃអង្គាសថវិកា ដែលនាំឲ្យមានការខ្វះខាតថវិកា រយៈពេលប៉ុន្មានខែក្រោយពីការបង្ហាញរថយន្ត Sion។ ពួកគេបន្ថែមថា ប្រសិនបើមិនមានថវិកា ពួកគេនឹងបង្ខំបិទគម្រោងការ​រថយន្ត Sion និងកាត់បន្ថយបុគ្គលិកភាគច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីអាចបន្តដំណើរទៅមុខ Sono Motors ពេលនេះបានបង្កើតយុទ្ធនាការកក់ប្រាក់ ដែលមានរយៈពេល៥០ថ្ងៃ ដើម្បីស្វែងរកអតិថិជនកក់ប្រាក់ចំនួន ៣០០០អឺរ៉ូ (ប្រមាណ ៣ ១៦៤ដុល្លារ) ចំនួន ៣ ៥០០នាក់បន្ថែមទៀត។ អ្នកដែលចូលយុទ្ធនាការនេះនឹងទទួលបានការបញ្ចុះតម្លៃ ៣០០០អឺរ៉ូ លើតម្លៃរថយន្តដែលរំពឹងថាលក់រាយក្នុងតម្លៃប្រមាណ ២៥ ០០០អឺរ៉ូ (ប្រមាណ ២៦ ៣៦៧ដុល្លារ)។

ក្រុមហ៊ុនជឿថាចំនួនកក់បន្ថែម ៣ ៥០០នាក់ គឺជាគោលដៅដែលអាចសម្រេចបាន ព្រោះកាលពីខែកញ្ញា ខ្លួនទទួលបានការកក់​សរុប ២ម៉ឺនគ្រឿងសម្រាប់រថយន្ត Sion។

រថយន្ត Sono Sion ប្រើប្រាស់អាគុយចំណុះ ៥៤kWh និងប្រើផ្ទាំងសូឡារបង្កប់លើតួខ្លួនដែលអាចបន្ថែមចម្ងាយបើកបរចន្លោះពី ១១២ ទៅ ២៤៥គីឡូម៉ែត្រ ក្នុងមួយសប្ដាហ៍៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម