
ក្រោយការប្រកាសពន្ធគយថ្មី ត្រូវបានគេរំពឹងថានឹងបង្កផលប៉ះពាល់អវិជ្ជមានដល់ការលក់ និងការផលិតរថយន្ត។ ក្រុមហ៊ុន (Goldman Sachs) ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់អាមេរិកបានបន្ទាបការប៉ាន់ស្មានរបស់ខ្លួនអំពីការលក់រថយន្តនៅសហរដ្ឋអាមេរិកចំនួន ៨៥០.០០០ គ្រឿង សម្រាប់ឆ្នាំ ២០២៥។ ខណៈនៅឆ្នាំ ២០២៦ អាចនឹងកាន់តែអាក្រក់ជាងនេះទៅទៀត ដោយសារតែការលក់អាចនឹងធ្លាក់ចុះជាងឆ្នាំ ២០២៥ ទៀតបើបន្ដស្ថានភាពបែបនេះ។
ពន្ធគយលើវិស័យរថយន្តដែលត្រូវបានដាក់ដោយរដ្ឋបាលរបស់លោក ត្រាំ (Trump administration) អាចនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើការលក់ និងតម្លៃរថយន្ដ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ក្រុមហ៊ុន Goldman Sachs បានធ្វើការព្យាករណ៍អំពីការលក់រថយន្តប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក ពី ១៦.២៥ លានគ្រឿង មកនៅត្រឹម ១៥.៤០ លានគ្រឿង សម្រាប់ឆ្នាំ ២០២៥។ បើគិតពីចំនួននៃការលក់អាចធ្លាក់ចុះចំនួន ៨៥០.០០០ គ្រឿង ហើយក្រុមហ៊ុននេះបានព្យាករណ៍ថា ស្ថានការណ៍អាចនឹងកាន់តែអាក្រក់ទៅទៀតនៅឆ្នាំ ២០២៦។
ការព្យាករណ៍សម្រាប់ឆ្នាំ ២០២៦ នោះ ត្រូវបានកាត់បន្ថយចំនួន ១.១ លានគ្រឿង បន្ថែមទៀត មកនៅត្រឹម ១៥.២៥ លានគ្រឿង ដែលតួលេខនេះគឺទាបជាងចំនួនដែលពួកគេរំពឹងទុកសម្រាប់ឆ្នាំ ២០២៥ ទៅទៀត។
ចំពោះអត្រាពន្ធគយ ២៥% របស់រដ្ឋបាលលោក ត្រាំ លើការនាំចូលរថយន្ត ត្រូវបានគេដឹងយ៉ាងគ្រប់គ្នាថា វាមិនមែនជាកត្តាតែមួយគត់ដែលអាចបង្កឲ្យចំនូួននៃការលក់រថយន្ដធ្លាក់ចុះទេ ប៉ុន្តែពន្ធគយលើគ្រឿងបន្លាស់រថយន្តមួយចំនួន ក៏អាចនឹងចូលជាធរមាននៅខែឧសភាខាងមុខនេះ ក៏កត្ដាធំមួយរុញច្រានឲ្យការលក់រថយន្ដនៅអាមេរិកធ្លាក់ចុះដែរ។
កត្តាទាំងអស់នេះមានន័យថា តម្លៃរថយន្តថ្មី ត្រូវបានរំពឹងថានឹងកើនឡើង ទោះបីជារថយន្តទាំងនោះត្រូវបានផលិតក្នុងស្រុក ឬនាំចូលពីបរទេសក៏ដោយ។ ខណៈដែលនៅតែមានភាពមិនច្បាស់លាស់ច្រើន ក្រុមហ៊ុន Goldman Sachs រំពឹងថាតម្លៃរថយន្តថ្មី នឹងកើនឡើងពី ២ ០០០ ដុល្លារ ទៅ ៤ ០០០ ដុល្លារអាមេរិក នៅក្នុងរយៈពេល ៦ខែ ទៅ ១ឆ្នាំខាងមុខនេះ។
ក្រៅពីការលក់នៅសហរដ្ឋអាមេរិក ក្រុមហ៊ុននេះក៏បានបន្ទាបការព្យាករណ៍សម្រាប់ការផលិតរថយន្តជាសកលសម្រាប់ឆ្នាំ ២០២៥ ពី ចំនូួន៩០.៤ លានគ្រឿង ថយមកនៅត្រឹម ៨៨.៧ លានគ្រឿងផងដែរ។ តាមការប៉ាន់ស្មានរបស់ពួកគេសម្រាប់ឆ្នាំ ២០២៦ ក៏បានធ្លាក់ចុះផងដែរ ពី ៩២.៦ លានគ្រឿង មកនៅត្រឹម ៩០.៧ លានគ្រឿង៕