
រថយន្តប្រណាំងបែប Rally ទ្វារពីរដ៏អាថ៌កំបាំងមួយនេះរបស់ក្រុម Toyota Gazoo Racing ត្រូវបានគេប្រទះឃើញកំពុងបើកបរតេស្តសមត្ថភាពនៅក្នុងតំបន់អឺរ៉ុប ប្រហែលជាតម្រុយដំបូងបង្អស់នៃរថយន្តស្ព័រ Toyota Celica ដែលមានម៉ាស៊ីនដាក់នៅចំកណ្តាល បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាហូរហែរមក។
មានរបាយការណ៍ជាច្រើនចេញផ្សាយពីប្រទេសជប៉ុនក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ បានអះអាងថា ក្រុមហ៊ុន Toyota កំពុងអភិវឌ្ឍរថយន្តស្ព័រកម្លាំងខ្លាំង ប្រភេទបំពាក់ជាមួយម៉ាស៊ីនកណ្តាល និងបើកបរដោយប៉ុងពីរ (All-wheel-drive) អាចនិងប្រើឈ្មោះ Celica សម្រាប់ម៉ូឌែលឆ្នាំ ២០២៧។
បើមើលតាមរូបភាពដែលថតបានដោយលោក Marcio Pereira និងត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញពីរថយន្តប្រណាំងទ្វារពីរដែលរុំព័ទ្ធដោយស្រទាប់បិទបាំងពណ៌ក្រហម និងខ្មៅ ជាអត្តសញ្ញាណរបស់ក្រុម Toyota Gazoo Racing កំពុងធ្វើតេស្តនៅលើផ្លូវគ្រួសក្នុងប្រទេសព័រទុយហ្គាល់។
គេហទំព័រឯកទេសខាងរថយន្ត Rally ឈ្មោះ DirtFish បានអះអាងថា ខ្លួនបានផ្ទៀងផ្ទាត់រូបភាព និងវីដេអូដែលពាក់ព័ន្ធនៃរថយន្តគំរូដ៏អាថ៌កំបាំងនោះហើយថា ជាប្រភេទរថយន្តដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ World Rally Championship (WRC) ឆ្នាំ ២០២៧ របស់ក្រុមហ៊ុន Toyota ពិតប្រាកដមែន ពោលគឺមិនមែនជារូបភាពដែលបង្កើតឡើងដោយ AI នោះទេ។
មើលតាមរូបភាពឃើញថាមានច្រកបឺតខ្យល់ដ៏ធំ និងរន្ធខ្យល់នៅលើគ្របម៉ាស៊ីននៃរថយន្តគំរូនេះ បានបង្ហាញឲ្យឃើញថា ត្រូវបំពាក់ជាមួយម៉ាស៊ីននៅផ្នែកខាងមុខ ដូចទៅនឹងរថយន្ត GR Yaris នាពេលបច្ចុប្បន្នដែរ ដែលជាមូលដ្ឋានគ្រិះនៃរថយន្តប្រណាំងរបស់ Toyota ប្រើសម្រាប់ចូលរួមប្រកួត WRC សព្វថ្ងៃនេះ ជាជាងប្រភេទរថយន្តបំពាក់ម៉ាស៊ីនដាក់នៅចំកណ្តាល។
ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិរបស់ WRC អនុញ្ញាតឲ្យក្រុមហ៊ុនផលិតរថយន្ត អាចយកតួខាងក្រៅ ពីរថយន្តណាមួយក៏បាន មកបំពាក់លើគ្រោងឆ្អឹងដែលបានកំណត់ ជាក់ស្ដែងគ្រោងឆ្អឹងនោះត្រូវបំពាក់ជាមួយម៉ាស៊ីន Turbocharged ទំហំ ១.៦ លីត្រ នៅផ្នែកខាងមុខ និងមានវិមាត្រជាក់លាក់ដូចអ្វីដែលបានកំណត់ទុកជាមុន។
ជាមួយគ្នានេះវាមានន័យថា រថយន្ត Celica ប្រភេទប្រើប្រាស់លើផ្លូវទូទៅអាចជាប្រភេទម៉ាស៊ីនដាក់នៅចំកណ្តាល ចំណែកឯប្រភេទសម្រាប់ប្រណាំង Rally អាចជាប្រភេទម៉ាស៊ីនដាក់នៅខាងមុខ ប៉ុន្តែម៉ូឌែលទាំងពីរមានរូបរាងខាងក្រៅដូចគ្នា ដែលឆ្លុះបញ្ចាំងពីការរចនានៃរថយន្តសម្រាប់ប្រើប្រាស់លើផ្លូវគ្រប់លក្ខខណ្ឌ។
គួរបញ្ជាក់ផងដែរ Celica គឺជាឈ្មោះម៉ូឌែលរថយន្តមួយក្នុងចំណោមរថយន្ត ដែលទទួលបានជោគជ័យបំផុតនៅក្នុងព្រឹត្តិការណ៍ WRC ត្រូវបានបញ្ចេញដោយក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុនមួយនេះ ដោយធ្លាប់បានឈ្នះជើងឯកផ្នែកអ្នកបើកបរ (Driver’s Championship) ក្នុងឆ្នាំ ១៩៩០, ១៩៩២, ១៩៩៣ និង ១៩៩៤ ព្រមទាំងឈ្នះពានរង្វាន់ផ្នែកក្រុមហ៊ុនផលិត (Manufacturers’ titles) ក្នុងឆ្នាំ ១៩៩៣ និង ១៩៩៤ ផងដែរ។
ទន្ទឹមគ្នារថយន្ដបានចាកចេញពីពិភពប្រណាំងឡាន Rally នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលម៉ូឌែល GT-Four ដ៏ល្បីល្បាញ (ដែលបំពាក់ម៉ាស៊ីន Turbo និងបើកបរដោយប៉ុងពីរ) ត្រូវបានជំនួសមកវិញដោយម៉ូឌែលជំនាន់ទី ៧ ដែលប្រើប្រាស់ត្រឹមតែប្រព័ន្ធបើកបរដោយកង់មុខ (Front-wheel-drive) ប៉ុណ្ណោះ៕



















