រដ្ឋ Massachusetts កំពុងដើរតាមគន្លងរបស់រដ្ឋ California ដោយបានប្រកាសផែនការហាមឃាត់ការលក់រថយន្តថ្មីដែលប្រើប្រាស់ប្រេងឥន្ធនៈ នៅឆ្នាំ ២០៣៥ តទៅ។
យោងតាមអភិបាលរដ្ឋ Massachusetts លោក Charlie Baker បង្ហាញថា ២៧ ភាគរយនៃការបំភាយឧស្ម័នពុលនៅក្នុងរដ្ឋ គឺកើតចេញមកពីរថយន្តដឹកអ្នកដំណើរ។ គោលដៅចុងក្រោយធំបំផុត គឺរដ្ឋ Massachusetts លុបបំបាត់ការបំភាយឥន្ធនៈផូស៊ីល net-zero fossil-fuel emissions នៅឆ្នាំ ២០៥០។
ផែនការរបស់រដ្ឋអះអាងថា ប្រសិនបើមានលក់តែរថយន្តធុនស្រាលដែលមិនបញ្ចេញផ្សែងពុល នៅឆ្នាំ ២០៥០ វានឹងទទួលបានប្រាក់ចំណេញសុខភាពសរុបចំនួន ២៩៥ លានដុល្លារជារៀងរាល់ឆ្នាំ ជួយជៀសវាងការស្លាប់ចំនួន ២៧ នាក់ដោយសារជំងឺសរសៃឈាមបេះដូង និងផ្លូវដង្ហើមក្នុងមួយឆ្នាំ ហើយបង្កើតបានការងារជិត ៤ ០០០ កន្លែងនៅក្នុងឧស្សាហកម្មរថយន្តធុនស្រាល មធ្យម និងធ្ងន់។
ខណៈពេលដែលរថយន្តអគ្គិសនីនៅតែមានតម្លៃថ្លៃជាងយានយន្តប្រើប្រេងឥន្ធនៈ គេរំពឹងថា តម្លៃរបស់វានឹងបន្តធ្លាក់ចុះ ហើយឈានដល់តម្លៃស្មើគ្នា នាពេលឆាប់ៗនេះ មានន័យថា ពួកវានឹងមានការចំណាយសរុបទាបនៃភាពជាម្ចាស់ដោយសារការសន្សំប្រេង និងថ្លៃដើមថែទាំទាប៕