
អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានសម្រេចចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុន និងបុគ្គឯកជន មួយចំនួន សម្រាប់ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា រួមមានដូចខាងក្រោម៖

-ក្រុមហ៊ុន ភីធីធី (ខេមបូឌា) ស្ថិតនៅក្រុងសៀមរាប និងក្រុងព្រះសីហនុ។
-សហគ្រាស ខេស៊ី ខ្មែរអ៊ីវី & ខេមអ៊ីវី ឆាចជីង និងលោកស្រី ខៀវ ម៉ាឡែន ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្រុកក្រគរ ស្រុកវាលវែង ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ និងក្រុងប៉ៃលិន។
-សហគ្រាស ហុង ទ្រី168 ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-លោកស្រី រុន ស្រីទូច មានទីតាំងស្ថិតនៅផ្លូវក្រវ៉ាត់ក្រុង២ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅអំឡុងដើមឆ្នាំ២០២៦ខាងមុខនេះ ក្នុង១ខេត្ត នៃប្រទេសកម្ពុជា នឹងមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី យ៉ាងហោចណាស់ ២ ទៅ ៣កន្លែង ដើម្បីជំរុញការប្រើប្រាស់រថយន្តប្រភេទនេះ។ នេះបើតាមការបញ្ជាក់របស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។

គួរដឹងថា រាល់ការធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវមានអាជ្ញាបណ្ណចេញដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ ស្ថានីយបញ្ចូលថាមពលដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់
-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត
-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ
-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ
-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម៕






















