រដ្ឋាភិបាលឥណ្ឌូណេស៊ី ឧបត្ថម្ភប្រាក់ ៥ពាន់ដុល្លារ ដល់អ្នកទិញឡានអគ្គិសនី

[ទីផ្សារបរទេស] រដ្ឋាភិបាលគ្រោងជួយទម្រុកបម្រុងរថយន្តអគ្គិសនីចាប់ពីឆ្នាំ២០២៣ ដើម្បីបង្កើនចំនួនលក់ ខណៈដែលតម្រូវការមានការកើនឡើង ប៉ុន្តែចំនួនលក់រថយន្តអគ្គិសនីនៅមានកម្រិតទាបនៅឡើយ ដោយសាររថយន្តមានតម្លៃខ្ពស់។

តាមផែនការប្រកាសដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី បានឲ្យដឹងថាពលរដ្ឋដែលទិញរថយន្តអគ្គិសនីនឹងទទួលបានទឹកប្រាក់ប្រមាណ ៥ពាន់ដុល្លារពេលទិញរថយន្តអគ្គិសនី ចំណែកការទិញរថយន្ត Hybrid នឹងទទួលបានប្រាក់ប្រមាណ ១៧០០ដុល្លារ ហើយពេលទិញ​ម៉ូតូអគ្គិសនីនឹងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ៣៤០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីឧបត្ថម្ភដល់រថយន្តអគ្គិសនីរំពឹងថានឹងចាប់ផ្ដើមចាប់ពីឆ្នាំ២០២៣ ដោយការឧបត្ថម្ភនេះនឹងជួយលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីឲ្យបានកាន់តែច្រើនជាងមុន ហើយបន្ថែមពីនេះរដ្ឋាភិបាលក៏នឹងអនុវត្តន៍គោលការណ៍មួយចំនួនទៀតដើម្បីទ្រទ្រង់ការប្រើយានយន្តអគ្គិសនីដូចជាការកាត់បន្ថយពន្ធជាដើម។

ឥណ្ឌូណេស៊ីគ្រោងផលិតរថយន្តអគ្គិសនីចំនួន ៦០ម៉ឺនគ្រឿង និងម៉ូតូអគ្គិសនីចំនួន ២,៥លានគ្រឿង នៅត្រឹមឆ្នាំ២០៣០។ ជាមួយ​គោលដៅនេះ ឥណ្ឌូណេស៊ីប៉ាន់ស្មានថាអាចកាត់បន្ថយការសាយភាយឧស្ម័នកាបូនឌីអុកស៊ីតបានចំនួន ២,៧លាន​តោនពី​រថយន្ត​អគ្គិសនី និងប្រមាណ ១,១លានតោនពីម៉ូតូអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម