រថយន្ដអគ្គិសនីខា្នតតូចរបស់ Chery តម្លៃក្រោម១មុឺនដុល្លារ អាចបើកបានចម្ងាយ ៤០៥គីឡូម៉ែត្រ

ក្រុមហ៊ុន Chery បាន​ធ្វើការដាក់បង្ហាញជា​ផ្លូវការ​នូវ​រថយន្តអគ្គិសនីខ្នាតតូចម៉ូឌែល QQ Domi ​​ មាន២ជម្រើស ដាក់លក់ជាមួយ​តម្លៃចាប់ពី ៨ ៣០០ ដល់ ៩ ៧០០ដុល្លារ​។ រថយន្ដនេះអាចបើកបរបានរយៈ​ចម្ងាយ​ ៣០៥គីឡូម៉ែត្រ និង ៤០៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។

រថយន្ត QQ Domi ត្រូវបានផលិតឡើងលើរូបរាងតូច ដោយមានប្រវែងតួខ្លួនសរុប ៣ ៧២០ម.ម ទទឹង ១ ៧០០ម.ម កម្ពស់ ១ ៦០៨ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៥២០ម.ម។ រថយន្តនេះផ្ដោតលើការឌីហ្សាញបែបយុវវ័យ ដែលមានរាងមូលមូល ភ្លើង LED មានប៉ាណារាងត្រីកោណ ដៃទ្វាររាបស្មើ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅខាងក្នុងរថយន្ត QQ Domi រចនាមកបែបសាមញ្ញ ប៉ុន្តែទាក់ទាញខ្លាំង ដោយបំពាក់មកជាមួយកុងទ័រឌីជីថលទំហំ ៧អុីញ អេក្រង់ប៉ះកណ្ដាលបែបអណ្ដែតទំហំ ១០.២៥ អុីញ ហើយមានជម្រើស២ពណ៌លាយគ្នា ក្នុងនោះមានពណ៍ខ្មៅលាយប្រផេះ និង ផ្កាឈូកលាយប្រផេះ។ អ្វីដែលពិសេសគឺការចូល និងបញ្ឆេះរថយន្ដដោយមិនប្រើសោ ហើយអាបញ្ជារថយន្ដពីចម្ងាយ និងកៅអីក្រោយដែលអាចបត់បែនបាន 40/60។

គ្រប់ម៉ូដែលទាំងអស់នៃរថយន្ត QQ Domi ដំណើរជាមួយម៉ូទ័រអគ្គិសនីនៅខាងផ្នែកមុខទំហំ 40kW អាចផលិតកម្លាំងរមួលបាន 110 Nm និងអាចបើកបរល្បឿនអតិបរមា ១០០គីឡូម៉ែត្រ/ម៉ោង។ រថយន្ដនេះបំពាក់មកជាមួយអាគុយ LFP ទំហំ 28.5kWh និង 39.33 kWh អាចបើកបរបានចម្ងាយ ៣០៥គីឡូម៉ែត្រ និង ៤០៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ ម៉ូឌែលទាំងពីរនេះអាចសាកពី ៣០% ទៅ ៨០% បានប្រហែល ៣០នាទី។

រថយន្ដ Chery QQ Domi នឹង​គូប្រជែង​ជាមួយរថយន្ដ BYD Seagull ដែលដាក់លក់ក្នុងតម្លៃ ៩ ៧២០ដុល្លារ​ និងរថយន្ដ Leapmotor T03 ដាកលក់ក្នុងតម្លៃ ៨ ៣៤០ដុល្លារ​ ។ ជាមួយនឹង​ការ​រចនា​រូបរាងប្លែកៗ ហើយបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗ  Chery នឹងអាចចូលខ្លួនក្រឡុកនៅ​ក្នុង​ទីផ្សារ​រថយន្តអគ្គិសនីខ្នាត​តូច ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័សក្នុង​​ប្រទេស​ចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម