រថយន្ដអគ្គិសនី MG4 ស៊េរីថ្មីបើកទទួលការទិញកក់មុនជាមួយតម្លៃ១មុឺនដុល្លារនៅចិន

ក្រុមហ៊ុន SAIC Motor បានបើកការទទួលការទិញកក់ទុកមុនជាផ្លូវការ សម្រាប់រថយន្ត MG4 ស៊េរីថ្មី ជាមួយតម្លៃចាប់ពី ៧៣ ៨០០ យ័ន ស្មើនិងប្រមាណ ១០ ១០០ ដុល្លារ រួមទាំងរថយន្ដចំនួន៤ម៉ូឌែលទៀត ដាក់លក់ភ្លាមៗ។ ចំណែករថយន្ដប្រើអាគុយប្រភេទ semi-solid state ត្រូវបានកំណត់ពេលប្រកាសតម្លៃក្នុងខែកញ្ញា និងចាប់ផ្តើមដឹកជញ្ជូនមុនដំណាច់ឆ្នាំនេះ។

ការដាក់លក់រថយន្ត MG4 ស៊េរីថ្មីនេះ គឺជាការឆ្លើយតបទៅនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន ជាពិសេសជាមួយគូប្រជែងដូចជា BYD Dolphin។ រថយន្ត MG4 ត្រូវបានគេកត់សម្គាល់ថាជាយានយន្តផលិតកម្មដំបូងបង្អស់មួយក្នុងពិភពលោក ដែលផ្តល់ជូននូវអាគុយប្រភេទ semi-solid state ក្នុងទ្រង់ទ្រាយធំ។ ក្រុមហ៊ុន SAIC បានរាយការណ៍ថា អាគុយនេះបានឆ្លងកាត់ការធ្វើតេស្តដោយការចោះម្ជុលបីទិសដៅដោយជោគជ័យដោយគ្មានការបញ្ចេញផ្សែង និងបង្ហាញពីប្រសិទ្ធភាពប្រសើរឡើងនៅក្នុងលក្ខខណ្ឌសីតុណ្ហភាពទាប។ រថយន្ដនេះទទួលការអាប់ដេតឲ្យកាន់តែទូលំទូលាយ សម្រាប់ម៉ូដែលរថយន្ត hatchback ។ 

រថយន្ត MG4 ស៊េរីថ្មីនេះ ផ្ដល់ជូនជាមួយជម្រើសអាគុយ lithium iron phosphate ពីរប្រភេទ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • អាគុយទំហំ ៤២.៨ kWh សាកមួយពេញអាចបើកបរបានចម្ងាយ ៤៣៧ គីឡូម៉ែត្រ
  • អាគុយទំហំ ៥៣.៩ kWh សាកមួយពេញអាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រ

អ្វីកាន់តែពិសេសរថយន្ដនេះអាចសាកថ្មពី ៣០% ទៅ ៨០% ប្រើពេលប្រហែល ២០ នាទី ចំណែកកម្រិតសុីថាមពលអគ្គិសនីវាសុីត្រឹមតែ ១០.៤ kWh ក្នុង ១០០ គីឡូម៉ែត្រ។ បន្ដែមពីនេះរថយន្ដក៏បន្ថែមមកជាមួយប្រព័ន្ធគ្រប់គ្រងកម្ដៅរបស់រថយន្តដែលប្រើបច្ចេកវិទ្យា heat pump អាចជួយរក្សាចម្ងាយបើកបរបានដល់ទៅ ៧៥% បន្ទាប់ពីកម្តៅត្រូវបានដំណើរការនៅសីតុណ្ហភាព -៧°C។

នៅខាងក្នុង រថយន្ត MG4 ត្រូវបានបំពាក់ដោយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ កម្រិត 2.5K ដំណើរការដោយបន្ទះឈីប Qualcomm’s Snapdragon 8155 រួមបញ្ចូលគ្នាជាមួយប្រព័ន្ធ MG×Oppo Smart Mobility System ដែលអនុញ្ញាតឲ្យលោកអ្នកភ្ជាប់ការបញ្ជារវាងទូរស័ព្ទទៅក្នុងរថយន្តយ៉ាងរលូន។

រថយន្ត MG4 គាំទ្រមុខងារជំនួយអ្នកបើកបរទំនើប និងមុខងារងាយស្រួលប្រើប្រាស់ជាច្រើន រួមមាន៖

  • ប្រព័ន្ធជំនួយការមើលនៅកញ្ចក់ជំហៀងនៅពេលភ្លៀងនិងពេលយប់ 
  • កាមេរ៉ា 360 ដឺក្រេ ដែលបង្ហាញរូបភាពជុំវិញរថយន្តជាមួយនឹងទិដ្ឋភាពដល់បាតរថយន្ដ
  • ប្រព័ន្ធចូលចតរថយន្តស្វ័យប្រវត្តិពីចម្ងាយ ទាំងពេលចូលនិងចេញ
  • កញ្ចក់ខាងក្រោយផ្ដល់មានភាពឯកជន ជាមួយសមត្ថភាពទប់ពន្លឺបានល្អប្រសើរ
  • ចង្កូតមានមុខងារកម្តៅ
  • កញ្ចក់ឆ្លុះសម្រាប់ផាត់មុខ 
ផ្ទាំងផ្សាយពាណិជ្ជកម្ម