
យោងតាមការនាយកប្រតិបត្តិក្រុមហ៊ុន Rivian លោក RJ Scaringe រថយន្តអគ្គិសនី Rivian R2 នឹងដាកលក់ជាផ្លូវការនៅឆ្នាំ ២០២៦។ សម្រាប់រថយន្ដ R2 ត្រូវបានរំពឹងថានឹងក្លាយជាគន្លឹះសំខាន់ សម្រាប់ការបង្កើនបរិមាណការលក់របស់ក្រុមហ៊ុន Rivian។ ចំពោះរថយន្ដម៉ូឌែល R3 និង R3X វិញ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមផលិតបន្ទាប់ពីដំណើរការផលិតរថយន្ត R2 មានភាពនឹងនរ។
យ៉ាងមិញលោក Scaringe បានសង្កត់ធ្ងន់ថា រថយន្ត R2 នឹងត្រូវផលិតដំបូងនៅក្នុងរោងចក្របច្ចុប្បន្នរបស់ក្រុមហ៊ុននៅទីក្រុង Normal រដ្ឋ Illinois។ ការធ្វើបែបនេះដើម្បីបង្កើនល្បឿននៃការផលិត ដោយសារក្រុមហ៊ុនបានពន្យារពេលការសាងសង់រោងចក្រថ្មីនៅរដ្ឋ Georgia ដើម្បីសន្សំសំចៃដើមទុន និងកាត់បន្ថយការចំណាយលើការវិនិយោគ។ ប៉ុន្តែបើតាមរយៈការប្រើប្រាស់រោងចក្រដែលមានស្រាប់ រថយន្ត R2 នឹងអាចចេញលក់លឿនជាងមុន ដោយមិនចាំបាច់រង់ចាំរោងចក្រថ្មីបញ្ចប់ការសាងសង់នោះទេ។
ក្រុមហ៊ុន Rivian បានដាក់ពង្រាយរថយន្ត R2 រាប់រយគ្រឿងដែលត្រៀមផលិតជាស្ថាពរ (production-intent) សម្រាប់ការធ្វើតេស្ដចុងក្រោយ។ ក្រុមហ៊ុនបានប្រកាសថា រថយន្ត R2 របស់ខ្លួនកំពុងស្ថិតក្រោមការធ្វើតេស្តផ្លូវដ៏ទូលំទូលាយ ដោយបានផលិតរាប់រយគ្រឿង ត្រៀមចេញលក់ជាស្ថាពរ។ រថយន្តទាំងនេះគឺជាផ្នែកមួយនៃដំណាក់កាលអភិវឌ្ឍន៍ចុងក្រោយ មុនពេលចាប់ផ្តើមការផលិតទ្រង់ទ្រាយធំជាផ្លូវការ៕