
ក្រុមហ៊ុន Avatr បានបើកការទទួលការបញ្ជាទិញទុកមុនសម្រាប់រថយន្តប្រភេទ Wagon ម៉ូឌែល 06T ជាផ្លូវការ ជាមួយជម្រើសរហូតដល់ ៤ម៉ូឌែល ក្នុងតម្លៃចន្លោះពី ៣១ ៨០០ ដល់ ៣៨ ៧០០ ដុល្លារ។ បន្ថែមពីនេះយោងតាមគេហទំព័រ D-Auto បានឲ្យដឹងថា រថយន្តនេះគ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ២២ ខែមេសា ខាងមុខនេះ។
រថយន្ត Avatr 06T ត្រូវបានរចនាឡើងជាប្រភេទ Wagon ដែលអភិវឌ្ឍចេញពីម៉ូឌែល Sedan (Avatr 06) ដោយវាមានរូបរាងផ្នែកខាងក្រោយបែប Fastback ជាមួយនឹងទ្វារក្រោយធំទូលាយ ជាជាងរូបរាងបែបប្រអប់ (Boxy) ដូចរថយន្ត Estate ប្រពៃណី។ រីឯការរចនាផ្នែកខាងក្រៅនៅផ្នែកខាងមុខ គឺនៅរក្សាភាពស្រដៀងគ្នាស្ទើរតែទាំងស្រុងរួមមានទាំងអំពូលបំភ្លឺពេលថ្ងៃរាងជា “លេខ ៧” ដែលជាអត្តសញ្ញាណរបស់ម៉ាកនេះផងដែរ។
ការផ្លាស់ប្តូរគឺផ្ដោតសំខាន់ទៅលើផ្នែកខាងក្រោយ ដែលមានដំបូលវែងជាងមុន រួមជាមួយកាងលើដំបូល ជាស្តង់ដារ អាចទ្រទម្ងន់បាន ៧៥ គីឡូក្រាម ដើម្បីបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់។ ចំពោះទំហំឃ្លប់ដាក់ឥវ៉ាន់វិញមានចំណុះរហូតដល់ ៥១៧លីត្រ។ លើសពីនេះ Avatr 06T ក៏បានស្ដុបរចនាអូសកាត់ពេញទទឹងផ្នែកខាងក្រោយនិងបន្ថែមជាមួយកាងខាងក្រោមបែបស្ព័រផងដែរ។
រថយន្ដម៉ូឌែលថ្មីនេះបានបំពាក់នូវប្រព័ន្ធបើកបរឆ្លាតវៃ និងប្រព័ន្ធកាប៊ីនបញ្ជាចុងក្រោយបង្អស់របស់ Huawei។ វាមានបំពាក់នូវសេនស័រ 896-line Lidar ជំនាន់ថ្មី ដំណើរការជាមួយប្រព័ន្ធជំនួយការបើកបរ ADS 4.1។ ផ្នែកខាងក្នុង រថយន្តនេះបំពាក់ជាមួយអេក្រង់បញ្ជាកណ្តាលទំហំ ១៥.៦ អុីង និងអេក្រង់កុងទ័រវែងជាប់គ្នាទំហំ ៣៥.៤ អុីង។ ប្រព័ន្ធបញ្ជានៅផ្នែកខាងក្នុងដំណើរដោយប្រព័ន្ធ HarmonySpace 5 ដំណើរការរួមគ្នាជាមួយបច្ចេកវិទ្យា AI MoLA large model របស់ Huawei។ កៅអីជួរមុខមានមុខងារសម្រាកបែប “Zero-gravity” ខណៈកៅអីជួរក្រោយមានមុខងារកម្ដៅ បញ្ចេញខ្យល់ត្រជាក់ និងម៉ាស្សា។
យោងតាមការទម្លាយព័ត៌មានកាលពីពេលថ្មីៗនេះបានបង្ហាញថា 06T នឹងក្លាយជាម៉ូឌែលដំបូងគេមួយរបស់ Avatr ដែលបំពាក់នូវបច្ចេកវិទ្យា Lidar ជំនាន់ថ្មីរបស់ Huawei ដែលធ្វើឲ្យរថយន្តនេះស្ថិតក្នុងចំណោមរថយន្តដែលមានបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយបង្អស់របស់ប្រេនរថយន្ដ Avatr។ បន្ថែមពីនេះម៉ូឌែល 06T នៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រប្រព័ន្ធចលនាពីរជម្រើសរបស់ Avatr ដោយមានផ្ដល់ជូនទាំងប្រភេទរថយន្តអគ្គិសនីសុទ្ធ (Battery-electric – BEV) និងប្រភេទរថយន្តប្រើម៉ាស៊ីនជំនួយផលិតថាមពលអគ្គិសនី (Extended-range – EREV)។
បើនិយាយពីម៉ូឌែលប្រើអគ្គិសនីសុទ្ធមានជម្រើសប្រើប្រាស់ម៉ូទ័រពីរនិងម៉ូទ័របី។ ចំពោះម៉ូឌែលកំពូល ផ្ដល់នូវកម្លាំងសរុបប្រហាក់ប្រហែលនឹងទិន្នន័យដែលបានរាយការណ៍ពីមុនគឺខ្ទង់ ៩៥៥ សេះ អាចសន្ទុះល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ២,៧៨ វិនាទី ប៉ុណ្ណោះ។
សម្រាប់ម៉ូដែល Extended-range (EREV) ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ 1.5T ផ្គូរផ្គងជាមួយអាគុយទំហំ ៤៥.០៦ kWh ដអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣៣០គីឡូម៉ែត្រ និងមានចម្ងាយផ្លូវសរុបរហូតដល់ ១ ២៥០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC៕


















