រថយន្ដ BYD Dynasty កំពុងបើកធ្វើតេស្ដ មុនពេលចេញលក់នៅចុងឆ្នាំនេះ

រថយន្ត SUV BYD Dynasty ត្រូវបានគេប្រទះឃើញបិទបាំងដោយការបន្លំ ដែលបង្ហាញពីការដាក់លក់នៅក្នុងទីផ្សារនាពេលខាងមុខ មុនដំណាច់ឆ្នាំ ២០២៥។ ម៉ូឌែលថ្មីនេះត្រូវបានគេជឿថាជាកំណែផលិតនៃរថយន្តគំរូ Dynasty-D បានបង្ហាញខ្លួននៅឯកម្មវិធីតាំងពិព័រណ៍រថយន្ត Shanghai Auto Show ឆ្នាំ ២០២៥ ហើយត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល ៥៥ ០០០ ដុល្លារ។

រូបភាពដែលទទួលបានពី D-Auto បានបង្ហាញថា ទម្រង់រថយន្ត និងលក្ខណៈពិសេសនៃការរចនាសំខាន់ៗរបស់រថយន្តនេះ គឺស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងរថយន្តគំរូ Dynasty-D ប៉ុន្តែមានការកែសម្រួលខ្លះសម្រាប់ផលិតកម្មទ្រង់ទ្រាយធំ។ នៅផ្នែកខាងមុខ រថយន្ត SUV នេះមានរបារភ្លើងផ្ដេកដែលរួមបញ្ចូលគ្នាទៅក្នុងផ្នែកខាងលើប៉ាណាខាងមុខ។ 

លម្អិតគួរឲ្យកត់សម្គាល់មួយនៅលើរថយន្ដធ្វើតេស្ដសាកល្បងនោះមានបំពាក់ lidar លើដំបូល និង កាមេរ៉ាចំនួនបី នៅពីក្រោយកញ្ចក់ការពារ។ ឧបករណ៍ទាំងនេះបានបង្ហាញថា រថយន្ត SUV នេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ “DiPilot Eye B” របស់ BYD គាំទ្រមុខងារ ការរុករកក្នុងទីក្រុង ការបើកបរជំនួយលើផ្លូវល្បឿនលឿន និង មុខងារចតដោយស្វ័យប្រវត្តិ។

រថយន្តគំរូនេះក៏រួមបញ្ចូល ប្រព័ន្ធដ្រូនដែលត្រូវបានអភិវឌ្ឍន៍ដោយផ្ទាល់ដោយ BYD ដែលមានឈ្មោះថា “Lingyuan”។ ចំពោះដ្រូននេះក្រុមហ៊ុន ធ្លាប់បានបង្ហាញជាផ្នែកមួយនៃរថយន្តគំរូ ប៉ុន្តែមិនទាន់ត្រូវបានដាក់បញ្ចូលទៅក្នុងម៉ូឌែលផលិតនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបភាពផ្ទៃក្នុងបានបង្ហាញពី អេក្រង់បញ្ជាកណ្ដាលអណ្ដែត និង ផ្ទាំងកុងទ័រឌីជីថលទំហំធំ។ រថយន្តគំរូ Dynasty-D បានបំពាក់នូវ អេក្រង់បី និង កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ នៅលើកុងសូលកណ្ដាល រួមជាមួយជម្រើស កៅអី ៦ និង ៧ កៅអី។ ធាតុទាំងនេះទំនងជានឹងរក្សាទុកនៅលើម៉ូឌែលធ្វើតេស្ដនេះផងដែរ។

BYD មិនទាន់បានបង្ហាញពីលក្ខណៈបច្ចេកទេសនៃប្រព័ន្ធថាមពលរបស់រថយន្ដនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ជាឯកសារយោង រថយន្ត Tang L បច្ចុប្បន្ន ដែលជាប្រភេទ SUV ធំមួយទៀតនៅក្នុងត្រកូល Dynasty គឺមានទាំងជម្រើស អគ្គិសនីសុទ្ធ (BEV) និងជម្រើសប្រើអគ្គិសនីលាយសាំង (PHEV)។

សម្រាប់ម៉ូឌែលប្រើអគ្គិសនីលាយសាំង PHEV ដំណើរការដោយម៉ាសុីន 1.5 និងម៉ូទ័រអគ្គិសនីនៅផ្នែកមុខ-ក្រោយអាចផលិតកម្លាំងបាន ២០០ គីឡូវ៉ាត់ ចំណែកឯម៉ូឌែលប្រើអគ្គិសនីសុទ្ធ BEV អាចបើកបរបានចម្ងាយ ៦៧០គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

ជាមួយនឹងតម្លៃដែលបានព្យាករទុករថយន្ដអាចនឹងដាក់លក់ជាមួយតម្លៃប្រហែល ៥៥,០០០ ដុល្លារ។ រថយន្ត BYD SUV ថ្មីនេះទំនងជានឹងប្រកួតប្រជែងជាមួយរថយន្ត SUV ទំហំធំលំដាប់ខ្ពស់ក្នុងស្រុកដូចជា Aito M9, Li Auto L9  និង Lynk & Co 900។ ព័ត៌មានផ្លូវការបន្ថែម រួមទាំងការរចនាចុងក្រោយ និងព័ត៌មានលម្អិតអំពីប្រព័ន្ធថាមពល ត្រូវបានគេរំពឹងថានឹងចេញផ្សាយកាន់តែខិតជិតដល់ថ្ងៃដាក់លក់របស់វានៅចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម