
ចាប់ពីខែកក្កដា ឆ្នាំ ២០២៦តទៅ ប្រទេសម៉ាឡេស៊ី នឹងអនុវត្តវិធានការរឹតបន្តឹងលើការនាំចូលរថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃ ដែលភាគច្រើនបំផុត គឺជារថយន្តអគ្គិសនីចិនតែម្តង។
រថយន្តអគ្គិសនីដែលត្រូវបានអនុញ្ញាតឲ្យនាំចូលក្នុងទីផ្សារម៉ាឡេស៊ី ទាល់តែរថយន្តនោះមានតម្លៃចាប់ពី ៥១ ០០០ដុល្លារឡើងទៅដែលជាតម្លៃមិនទាន់គិតពន្ធនាំចូល ហើយម៉ូទ័រអគ្គិសនីរបស់រថយន្តនោះ ក៏ត្រូវផលិតកម្លាំងយ៉ាងតិចឲ្យបាន ១៨០គីឡូវ៉ាត់ ឬ ២៤០សេះ ផងដែរ។

យ៉ាងណាមិញ ការរឹតបន្តឹងនេះ គឺមិនគ្របដណ្តប់ទៅលើរថយន្តដែលនាំចូលនៅមុនខែកក្កដានោះទេ។ ការហាមឃាត់បែបនេះ នឹងប៉ះពាល់ខ្លាំងដល់តម្រូវការរបស់អ្នកប្រើប្រាស់ម៉ាឡេស៊ី៏ ក៏ដូចជាការប៉ះពាល់ការជំរុញលើការប្រើប្រាស់រថយន្តអគ្គិសនីក្នុងប្រទេសនេះផងដែរ។ ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ី មានគោលដៅធំបំផុត គឺដើម្បីការពាររផលប្រយោជន៍របស់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកនិងអាចទាក់ទាញឲ្យក្រុមហ៊ុនបរទេសធំៗ ឲ្យចូលមកបង្កើតរោងចក្រដំឡើងរថយន្តក្នុងប្រទេស។
គួរដឹងថា ក្រុមហ៊ុនផលិតរថយន្តធំៗពីររបស់ប្រទេសម៉ាឡេស៊ី គឺ Proton និង Perodua សុទ្ធតែបានផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួន និងមានតម្លៃសមរម្យបំផុត។ ក្នុងនោះរថយន្តអគ្គិសនី e.MAS 7 របស់ Proton មានតម្លៃជាង ២ម៉ឺនដុល្លារ។ ចំណែក Perodua បានបញ្ចេញរថយន្តអគ្គិសនីជាលើកដំបូង កាលពីខែធ្នូកន្លងទៅ ដែលជាម៉ូឌែល QV-E ប៉ុន្តែវាត្រូវបានលក់ដាច់ដោយឡែកពីគ្នារវាងរថយន្ត និងអាគុយ ពោលគឺរថយន្ត QV-E នេះ មានតម្លៃតែជាង ១១០០០ដុល្លារតែប៉ុណ្ណោះ ចំណែកអាគុយវិញ ត្រូវជួលរយៈពេល ៩ឆ្នាំ ដោយបង់ជាប្រចាំខែ ក្នុងនោះ ១ខែត្រូវបង់ប្រហែល ៦៧ដុល្លារ៕
















