[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅថយន្ត Mercedes-Maybach S 680 Limited edition ដោយម៉ូដែលនេះគឺការសហការរវាងក្រុមហ៊ុនរថយន្តប្រណិតអាល្លឺម៉ង់ និងអ្នករចនាជនជាតិអាមេរិក Virgil Abloh ។
សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅនៃរថយន្ត Maybach ត្រូវបានយកលំនាដោយគំរូរថយន្ត off-road “Project MAYBACH” ដែលបានដាក់បង្ហាញនៅចុងឆ្នាំ ២០២១ ដែលមានពណ៌ពីរគឺពណ៌មាស និងពណ៌ខ្មៅ Obsidian ។
ចំពោះផ្នែកខាងក្នុងវិញក៏ត្រូវបានសម្របសម្រួលជាមួយនឹងពណ៌ដូចគ្នាទៅនឹងផ្នែកខាងក្រៅ។ កន្លែងដាក់ដៃកណ្តាលត្រូវបានធ្វើពីឈើនិងមានឡូហ្គោ Maybach និង Virgil Abloh, កៅអីស្បែក Nappa គុណភាពខ្ពស់ជាមួយថ្នេរដេរពណ៌លឿង, អេក្រង់កម្សាន្ត MBUX នៅក្នុងរថយន្តអនុញ្ញាតឲ្យអតិថិជនប្ដូរទម្រង់ផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងគ្រឿងដ៏ទាន់សម័យ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត Mercedes-Maybach S 680 4MATIC ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៦,០ លីត្រ V12 ផលិតកម្លាំងបាន ៦១២ សេះ និងកម្លាំងរមួល ៩០០ ញ៉ុតុនម៉ែត្រ ។
គួរបញ្ជាក់ផងដែរ Mercedes-Maybach S 680 របស់ Virgil Abloh មានតែ ១៥០ គ្រឿងប៉ុណ្ណោះដែលនឹងត្រូវបានផលិតទូទាំងពិភពលោក។ លើសពីនេះ Mercedes-Benz ក៏បានសហការជាមួយនឹងម៉ាកយីហោម៉ូដ Off-White ដើម្បីធ្វើការរចនាយ៉ាងពិសេសជាមួយនឹងរចនាប័ទ្មនៃរថយន្តស៊េរីខ្ពស់នេះ៕