រថយន្តទាំងអស់នៅឆ្នាំ ២០២៥ នឹងមានមុខងាររំឮកអ្នកបើកបរពីកៅអីក្រោយ

ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ចំនួន​បាន​បង្ហាញ​ចេញ​​បច្ចេកវិទ្យា Rear Seat Reminder (រំឭក​អ្នក​បើកបរ​អំពី​កៅអី​ជួរ​ខាងក្រោយ) កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​បច្ចេកវិទ្យា​នេះ​នឹង​បន្ត​លេច​មុខ​លើ​រថយន្ត​ជា​ច្រើន។ នេះ​ក៏​ដោយ​សារ​សហគមន៍​​ក្រុមហ៊ុន​ផលិត​រថយន្ត​សកល​លោក (AAMAGA) បាន​សន្យា​ថា​នឹង​​​យក​មុខងារ​នេះ​ធ្វើ​ជា​ស្តង់ដារ​លើ​រថយន្ត​ទាំង​អស់​​ចាប់​ពី​ឆ្នាំ ២០២៥ ត​ទៅ។

ក្រុមហ៊ុន​​ផលិត​រថយន្ត​ដែល​បាន​ចូល​រួម​​ក្នុង​ការ​យល់​ព្រម​នេះ​រួម​មាន​ Alfa Romeo, American Honda, Audi, BMW, Fiat Chrysler Automobiles, Ford, GM, Hyundai, Jaguar Land Rover, Kia, Maserati, Mazda, Mercedes, Mitsubishi, Nissan, Porsche, Subaru, Toyota, Volkswagen និង Volvo។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​​ក្រុមហ៊ុន​ផលិត​រថយន្ត​​នីមួយ​នឹង​មាន​សិទ្ធ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ដាស់តឿន​នេះ​តាម​វិធី​របស់​ពួក​គេ។ ប្រព័ន្ធ​នីមួយៗ​នឹង​ត្រូវ​បញ្ចូល​មុខងារ​ដែល​កំណត់​មើល​ថា​នៅ​​កៅអី​អង្គុយ​ជួរ​ខាង​ក្រោយ​មាន​មនុស្ស ឬ​គ្មាន។ ប្រសិន​បើ​ប្រព័ន្ធ​ចាប់​បាន​ថា​មាន​ វា​នឹង​ផ្ដល់​ជា​សំឡេង ឬ​រូបភាព​​ដើម្បី​ដាស់តឿន​ដល់​អ្នក​បើកបរ​ឲ្យ​ពិនិត្យ​មើល​កៅអី​ខាង​ក្រោយ ក្រោយ​ពី​ពន្លត់​ម៉ាស៊ីន​រថយន្ត។

ការ​បង្កើត​បច្ចេកវិទ្យា​នេះ​ឡើង ក្រោយ​ពី​មាន​កុមារ​តូច​ៗ​ជាង ៨០០ នាក់​បាន​ស្លាប់​ដោយ​សារ​រលក​កម្ដៅ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨ ហើយ​ការ​​​ស្លាប់​នេះ​ដោយ​សារ​តែ​ក្មេងៗ​ត្រូវ​បាន​អាណាព្យាបាល​ទុក​ចោល​នៅ​ក្នុង​រថយន្ត​ដោយ​អចេតនា៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម