រថយន្តបាត់ទឹករហូត តែមិនឃើញមានលេចជ្រាបអ្វីសោះ! តើត្រូវពិនិត្យមើលកន្លែងណាទៀត?

នៅពេលពិនិត្យត្រង់ប្លុកម៉ាស៊ីន ឃើញបាត់ទឹក គឺដំបូងបំផុត គេស្វែងរកកន្លែងដែលមានការលេចជ្រាបជាមុនសិន។ ប៉ុន្តែបើរកមិនឃើញមានកន្លែងណាលេចស្រកទឹកនោះទេ តើគេត្រូវគិតលើមូលហេតុអ្វីផ្សេងណាទៀត?

ការបាត់ទឹករបស់រថយន្ត គឺមាន​កត្តាច្រើនយ៉ាងទៀត ក្រៅតែពីការលេចជ្រាប រួមមានដូចខាងក្រោម៖

១. ឆេះរ៉ងក្បាលគុយឡាស់៖ នេះជាបញ្ហាធំជាងគេមួយ ដែលទឹកមិនលេចចេញមកក្រៅទេ តែវវាលេចជ្រាបលាយចូលប្រេងម៉ាស៊ីន ដោយសារតែរ៉ងក្បាលគុយឡាស់ខូច។ បើមាន​បញ្ហានេះកើតឡើង អ្នកអាចសម្គាល់តាមរយៈការសង្កេតមើលម៉ាកេប្រេងម៉ាស៊ីនថាវាមានជាប់សារធាតុរាវពណ៌ទឹកដោះគោឬអត់ និងពិនិត្យមើលផ្សែងពណ៌ស ចេញពីបំពង់សឺមុំាង ដោយការចេញផ្សែងនេះព្រោះទឹកបានចូលដល់បន្ទប់ចំហេះ ដែលវាត្រូវបានដុតជាមួយខ្យល់ និងឥន្ធនៈ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ប្រេះក្បាលស៊ីឡាំង៖ ករណីនេះស្រដៀងនឹង​ការឆេះរ៉ងក្បាលគុយឡាស់ដែរ ព្រោះនៅពេលក្បាលស៊ីឡាំងមានការប្រេះស្រាំ ក៏វាអាចបណ្តាលឲ្យទឹកចូលលាយជាមួយប្រេងម៉ាស៊ីនផងដែរ។

៣. ខូចស្នូលកម្តៅ (Heater Core)៖ វាគឺ​ជាធុងទឹក (radiator) តូចមួយនៅក្នុងតាបឡូរថយន្ត។ បើ​សិន​ជា ស្នូល​កម្ដៅ​ខូច វានឹងបណ្តាលឲ្យលេចជ្រាបទឹក ដោយ​អ្នក​អាច​សម្គាល់​ដឹងបាន​ នៅ​ត្រង់កម្រាលជើងមានសើមទឹក មាន​ចំហាយ​ទឹក​ចេញ​មក​តាម​ម៉ាស៊ីន​ត្រជាក់ និង​មាន​ធំ​ក្លិន​ទឹកស្អំនៅ​ក្នុង​កាប៊ីន។

៤. ខូចគម្របធុងទឹក៖ ពេលវាខូច នឹងបណ្តាលឲ្យបាត់សម្ពាធ ជាហេតុធ្វើឲ្យទឹកពុះនិងហៀរចេញមកក្រៅ។

៥. ហួតទឹក៖ ប្រសិនបើប្រព័ន្ធទឹកដំណើរការខុសប្រក្រតីចំណុចណាមួយ ដូចជាខូចធុងទឹកជាដើម គឺវានឹងបណ្តាលឲ្យមានហួតទឹកចេញបន្តិចម្តងៗ។

៦. ខូចបូមទឹក៖ នៅពេលវាខូច វានឹងបណ្តាលឲ្យមានការលេចនៅផ្នែកខាងក្នុង ហើយក៏អាចធ្វើឲ្យទឹកចូលលាយជាមួយប្រេងម៉ាស៊ីនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម